ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ រៀបចំសន្និសីទសកលស្តីពីជំនួយដល់ជនរងគ្រោះដោយសារមីន ប្រឆាំងមនុស្ស និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងសិទិ្ធជនពិការ លើកទី៣ ក្នុងខែតុលា ឆ្នាំ២០២៣ខាងមុខ ដែលនឹងមានគណៈប្រតិភូប្រមាណជា ៤០ប្រទេសអញ្ជើញចូលរួម ។
ក្នុងជំនួបជាមួយលោកជំទាវ María del Carmen Moreno ប្រធានគណៈប្រតិភូសហគមន៍អឺរ៉ុបប្រចាំកម្ពុជា និងលោក Juan Carlos Ruan នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា_ISU-APMBC) នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម លី ធុជ មានប្រសាសន៍ថា សន្និសីទនេះ សហការជាមួយ ISU-APMBC មានការគាំទ្រផ្នែកហិរញ្ញវត្ថុ ពីគម្រោងសកលរបស់ EU នឹងចែករំលែកនូវបទពិសោធន៍ស្តីពីកិច្ចសង្រ្គោះជនពិការដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម រួមទាំងផ្សព្វផ្សាយពីគោលនយោបាយ ជាតិសម្រាប់កិច្ចគាំពារជនមានពិការភាព ។
ឯកឧត្តម បានបន្តថា សន្និសិទសកលលើកទី៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបំពេញបន្ថែមលើលទ្ធផលទទួលបានពីសន្និសីទមុនៗ ចំនួនពីរ ដែលបានប្រព្រឹត្តិទៅនៅប្រទេសកូឡុំប៊ី និងហ្ស៊កដានី ដោយគម្រោងសកលរបស់ EU នឹងស្វែងរកការគាំទ្របន្ថែមពីរដ្ឋភាគី នៃអនុសញ្ញាស្តីពី ការហាមប្រាមមីនប្រឆាំងមនុស្ស ដើម្បីអនុវត្តកាតព្វកិច្ចសន្ធិសញ្ញាផ្សេងៗ រួមទាំងជំនួយជនរងគ្រោះផងដែរ ។
ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា គោលបំណងមួយ នៃសន្និសីទសកល នឹងផ្តល់ធាតុចូលសម្រាប់ផែនការសកម្មភាពថ្មី ក្រោមអនុសញ្ញា ដោយផ្តល់នូវវេទិកាសកល សម្រាប់សហគមន៍ដែលរងផលប៉ះពាល់ និងអ្នករស់រានមានជីវិត ដើម្បីលើកឡើងអំពីបញ្ហាពាក់ព័ន្ធនឹងជំនួយជនរងគ្រោះ ខណៈពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃសន្និសីទសកល វានឹងដោះស្រាយបញ្ហាប្រឈមជាសកល ដែលជួបប្រទះ នៅក្នុងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ហើយកម្ពុជានឹងយកចិត្តទុកដាក់លើកិច្ចខិតខំប្រឹងប្រែងអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះ របស់ខ្លួនមួយចំនួន ដូចជាការដាក់បញ្ចូលជនមានពិការភាពក្នុងវិស័យកីឡាជាដើម ។
គួរបញ្ជាក់ថា សន្និសីទសកល ត្រូវបានគេរំពឹងថា នឹងប្រមូលផ្តុំជនរងគ្រោះដោយសារគ្រាប់មីន និងអ្នករស់រានមានជីវិតប្រហែល ២០០នាក់ រួមទាំងកិច្ចសង្រ្គោះជនរងគ្រោះ និងអ្នកជំនាញផ្នែកពិការភាព/សិទ្ធិមនុស្ស សុខភាព ការងារ ការអភិវឌ្ឍ និងអ្នកអនុវត្តផ្សេងទៀតមកពី ៤៥ប្រទេស ហើយយ៉ាងហោចណាស់មួយភាគបួន នៃអ្នកចូលរួមនឹងមកពីប្រទេសកម្ពុជា រួមទាំងមកពីតំបន់ ដែលរងផលប៉ះពាល់ដោយសារមីនផងដែរ ។
សន្និសីទនេះ នឹងមានករប្រារព្ធពិធី នៃភាពធន់ នៃសហគមន៍អនុសញ្ញា និងការអំពាវនាវឱ្យមានសកម្មភាព និងការយកចិត្តទុកដាក់ចំពោះតម្រូវការរបស់ជនរងគ្រោះ ហើយកាតព្វកិច្ចដែលលើសពីការបោសសម្អាតអណ្តូងរ៉ែទាំងអស់ ដែលស្គាល់នៅក្រោមអនុសញ្ញា ៕អត្ថបទ បាន សុខរិទ្ធិ



