
អន្ដរជាតិ៖ កាលពីថ្ងៃអង្គារម្សិលមិញ អង្គភាពទាហានជើងទឹកឥណ្ឌា បានដាក់ឲ្យប្រើប្រាស់នាវាចម្បាំងប្រឆាំងនាវាមុជទឹកឈ្មោះ INS Androth នៅកំពង់ផែសមុទ្រស្ថិតក្នុងទីក្រុងភាគខាងកើត Kolkata។
នេះគឺជានាវាទី២ ក្នុងចំណោមនាវា ០៨គ្រឿង ដែលផលិតឡើងសម្រាប់កងទ័ពជើងទឹកដោយក្រុមហ៊ុនផលិតនាវា GRSE ដែលមានមូលដ្ឋាននៅក្នុងប្រទេសឥណ្ឌា។ លោក Commodore Hari គឺជាប្រធានក្រុមហ៊ុន GRSE និយាយថា តួនាទីរបស់នាវា គឺដើម្បីការពារដែនសមុទ្រតាមតំបន់ឆ្នេរដែលមានទឹករាក់ពីសត្រូវ។
នាវាចម្បាំង INS Androth ដែលត្រូវដាក់មានឈ្មោះកោះនៅដែនដីសហព័ន្ធភាគខាងត្បូង Lakshadweep របស់ឥណ្ឌា ត្រូវបានបំពាក់ដោយប្រព័ន្ធអាវុធទំនើបដូចជា គ្រាប់បាញ់នាវាមុជទឹកទម្ងន់ស្រាល និងសិនស័ររាវរកនាវាមុជទឹក។
នាវាមួយគ្រឿងនេះ ត្រូវបានផលិតជាពិសេសសម្រាប់ឈ្លប់ការណ៍តំបន់ឆ្នេរ។ ឥណ្ឌាចង់ជំនួសកងនាវាមុជទឹកចាស់ៗ របស់ខ្លួនជាមួយនឹងនាវាមុជទឹកធម្មតាមិនដើរដោយថាមពលនុយក្លេអ៊ែរ ១១គ្រឿង ក្នុងចំណោមនាវាមុជទឹក ១៦គ្រឿងរបស់ខ្លួន ដែលមានអាយុកាលជាង ២ទសវត្សរ៍ ស្របពេលដែលប្រទេសមួយនេះ ព្យាយាមទប់ទល់វត្តមានកើនឡើងរបស់ចិននៅក្នុងមហាសមុទ្រឥណ្ឌា។
រដ្ឋាភិបាលបស់លោកនាយករដ្ឋមន្រ្តី Narendra Modi ចង់ឲ្យឥណ្ឌាផលិតអាវុធច្រើនជាងមុននៅក្នុងប្រទេសរបស់ខ្លួន ដោយមានកិច្ចសហប្រតិបត្តិការជាមួយដៃគូបរទេស រយៈពេលច្រើនទសវត្សរ៍ក្រោយពួកគេស្ថិតក្នុងចំណោមប្រទេសនាំចេញអាវុធធំៗបំផុតរបស់ពិភពលោក ៕