ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំឲ្យអាជ្ញាធរគ្រឿងញៀន សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ស្រង់ស្ថិតជនរងគ្រោះដោយសារគ្រឿងញៀន ដើម្បីឱ្យដឹងតួលេខជាក់លាក់ពិតប្រាកដ។
ក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងពិធីបូកសរុបលទ្ធផលការងារអនុវត្តផែនការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៧ និងផ្សព្វផ្សាយផែនការយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ លើកទី៨ នៅថ្ងៃទី២២ ខែមីនា នេះ សម្ដេចក្រឡាហោម ស ខេង បានថ្លែងថា ត្រូវតែមានការស្រង់ស្ថិតិជនរងគ្រោះដោយគ្រឿងញៀន នៅតាមភូមិ-ឃុំ-ស្រុក ព្រោះបច្ចុប្បន្ន មានតែការប៉ាន់ស្មានចំនួនប៉ុណ្ណោះ គឺគ្មានការសិក្សាពិតប្រាកដទេ។
សម្ដេចក្រឡាហោម បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្ដេជ្ញាយ៉ាងមោះមុត ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀននេះ ដូច្នេះអំពាវនាវដល់ប្រជាពលរដ្ឋ ក្រុមហ៊ុន និងវិស័យឯកជនជាដើម ចូលរួមប្រយុទ្ធប្រឆាំងគ្រឿងញៀន ដើម្បីចូលរួមការពារសុវត្ថិភាពសង្គមកម្ពុជា។
សម្ដេច ស ខេង បានឲ្យដឹងថា ការងារព្យាបាលស្តារនីតិសម្បទា និងសមាហរណកម្មអ្នកញៀនគ្រឿងញៀន ក៏នៅតែជួបប្រទះបញ្ហាប្រឈម អាស្រ័យដោយការខ្វះមណ្ឌលបណ្តោះអាសន្នសម្រាប់ព្យាបាល នៅតាមខេត្តមួយចំនួនទៀត គួបផ្សំគុណភាព ប្រសិទ្ធភាព នៃការព្យាបាលអ្នកញៀនគ្រឿងញៀន នៅតាមមណ្ឌលព្យាបាលឯកជន និងនៅតាមសហគមន៍ ពុំទាន់មាននិយាមសមស្រប ដែលជាហេតុនាំឲ្យអ្នកញៀនមួយចំនួនត្រឡប់មកប្រើប្រាស់សារធាតុញៀនវិញ៕ អត្ថបទ៖ បាន ចក់