
អន្ដរជាតិ៖ ប្រធានាធិបតីម៉ិកស៊ិក លោក Manuel Lopez Obrador បានធ្វើការច្រានចោលទាំងស្រុង ការរិះគន់មកលើប្រវត្តិសិទ្ធិមនុស្សរដ្ឋាភិបាល របស់លោក ហើយនិងបានចាត់ទុករបាយការណ៍បំពានសិទ្ធិមនុស្សនៅក្នុងការសិក្សាថ្មី របស់ក្រសួងការបរទេសសហរដ្ឋអាមេរិក ថាជារឿងកុហស មិនមែនជាការពិតនោះទេ។
របាយការណ៍ចេញផ្សាយ កាលពីថ្ងៃចន្ទ និយាយថា មានសេចក្តីរាយការណ៍ជាច្រើន ដែលអាចទុកចិត្តបាននៅក្នុងប្រទេសម៉ិកស៊ិក ស្តីពីការសម្លាប់ដោយខុសច្បាប់ ឬ តាមទំនើងចិត្តដោយក្រុមនគរបាល យោធា និងក្រុមមន្រ្តីផ្សេងទៀត ធ្វើឲ្យមនុស្សបាត់ខ្លួនដោយភ្នាក់ងាររដ្ឋាភិបាល ក៏ដូចជាការធ្វើទារុណកម្ម និងទង្វើអមនុស្សធម៌ របស់កងកម្លាំងសន្តិសុខ។
របាយការណ៍នេះ បញ្ជាក់ផងដែរថា ការដាក់ទោស និងអត្រាទាបបំផុត នៃការកាត់ទោសនៅតែជាបញ្ហាដដែល សម្រាប់ឧក្រិដ្ឋកម្មទាំងអស់ ដែលរួមទាំងការបំពានសិទ្ធិមនុស្ស និងអំពើពុករលួយ ហើយពួកគេ បានរិះគន់អំពើហិង្សាមកលើអ្នកសារព័ត៌មាននៅម៉ិកស៊ិក។
ពេលត្រូវបានសួរពីរបាយការណ៍នៅក្នុងសន្និសីទសារព័ត៌មាន លោក Lopez Obrador បានបដិសេធន៍ចោលទាំងស្រុង ដោយលោកនិយាយថា ពួកគេកុហស ហើយលោកកត់សំគាល់ឃើញថា សហរដ្ឋអាមេរិកជឿថា ពួកគេតាំងខ្លួនធ្វើជារដ្ឋាភិបាលពិភពលោក។
លោក Lopez Obrador ដែលនឹងជួបអតីតរដ្ឋមន្រ្តីការបរទេសអាមេរិកលោក John Kerry នៅថ្ងៃនេះនៅប្រទេសម៉ិកស៊ិក និយាយថា វាគ្មានតម្លៃអ្វីត្រូវខឹងនឹងរឿងនេះទេ វាគ្រាន់តែជាអ្វីដែលពួកគេធ្វើប៉ុណ្ណោះ ។ របាយការណ៍នេះ មិនពិតទេ។ ពួកគេកុហស។
ស្របពេលនោះដែរ អ្នកនាំពាក្យស្តីទីក្រសួងការបរទេសអាមេរិក លោក Vedant Patel បានច្រានចោលការរិះគន់ថា ទីក្រុងវ៉ាស៊ីងតោនតាំងខ្លួនដូចជារដ្ឋាភិបាលពិភពលោក ហើយនិងបានបញ្ជាក់ពីការរកឃើញរបស់របាយការណ៍សិទ្ធិមនុស្សនេះ៕