
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារអបអរសាទរ និងជូនពរដល់បងប្អូនខ្មែរឥស្លាមទាំងក្នុង និងក្រៅប្រទេស នាឱកាសបួសខែរ៉ាម៉ាឌន ហើយជាមួយនិងសារជូនពរនេះ សម្តេចតេជោ ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមទាំងអស់ ដែលបានចូលរួមថែរក្សា និងការពារនូវសុខសន្តិភាព និងសុខដុមនីយកម្មជាតិសាសន៍និងសាសនា ជាដើមនោះ។
តាមរយៈផេកហ្វេសបុកផ្ទាល់របស់សម្តេច នៅល្ងាចថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា «ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និងភរិយា សូមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ ដែលនឹងចូលបួសខែរ៉ាម៉ាឌន ដែលនៅកម្ពុជា យើងនឹងចាប់ផ្ដើមនៅថ្ងៃព្រហស្បតិ ទី១ ខែរ៉ម៉ាឌន ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃ ២ កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣»។
សម្តេចតេជោ នាយករដ្ឋមន្រ្តី បានមានប្រសាសន៍បន្តទៀតថា«ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង»។
ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងទៀតថា បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះរាជរដ្ឋាភិបាល នឹងរៀបចំឡើងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលើកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង៦១០០នាក់។ សម្តេចតេជោ បានឲ្យដឹងផងដែរថា ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០នាក់ ពិសេស ឯកឧត្ដម Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ។
តាមរយៈសារនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណដល់បងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ទោះបីយើងទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ក៏ដោយក៏សម្តេចតេជោ បន្តអំពាវនាវដល់បងប្អូនសុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ ការពារ របស់សម្តេចជាប់ជាប្រចាំ ឱ្យបានខ្ជាប់ខ្ជួ ន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី៣-៤-៥និង ដូសទី ៦ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នាផងដែរ៕អត្ថបទ៖ បានចក់







