ជប៉ុន៖ អ្នកក្រុងតូក្យូ និងភ្ញៀវទេសចរបរទេសបានប្រមូលផ្ដុំគ្នានៅឧទ្យាន Ueno កាលពីថ្ងៃពុធ ទី២២មីនា ដើម្បីរីករាយការគយគន់ផ្កាសាគូរ៉ារីកក្នុងរដូវផ្ការីក ខណៈទីក្រុងនេះបានដកបម្រាមរបស់ខ្លួនលើការប្រមូលផ្ដុំក្នុងឧទ្យាននេះនៅឆ្នាំនេះ ជាលើកដំបូងចាប់ពីការឆ្លងរាលដាលវីរុសរាតត្បាតសកល COVID-19។

អ្នកទៅលេងកម្សាន្តនៅឧទ្យាន Ueno មួយក្នុងចំណោមគោលដៅគយគន់ផ្កាសាគូរ៉ារីកដ៏ពេញនិយមបំផុតរបស់ប្រទេសជប៉ុន ត្រូវគេមើលឃើញកំពុងទទួលទានអាហារជុំគ្នាលក្ខណៈគ្រួសារ និងថតរូបលេងកម្សាន្តយ៉ាងសប្បាយរីករាយ។ អ្នកខ្លះនិយាយថា ពួកគេក៏មកឧទ្យាននេះដើម្បីអបអរសាទរភាពជោគជ័យ ក្រោយក្រុមបាល់បោះរបស់ប្រទេសជប៉ុនបានផ្ដួលក្រុមកីឡាបាល់បោះរបស់សហរដ្ឋអាមេរិក ដណ្ដើមបានជ័យជម្នះក្នុងព្រឹត្តិការណ៍ World Baseball Classic។
ភ្នាក់ងារអចលនទ្រព្យវ័យ ៣៦ឆ្នាំលោក Takahiro Okada បាននិយាយថា មានអារម្មណ៍ថា ទីបំផុតជីវិតប្រចាំថ្ងៃរបស់យើងកំពុងត្រឡប់មករកសភាពធម្មតាវិញហើយ ដូច្នេះខ្ញុំមានអារម្មណ៍រីករាយខ្លាំងណាស់ ហើយក៏មានអារម្មណ៍ល្អដែរ។ ទីភ្នាក់ងារសារព័ត៌មាន NHK ជប៉ុនបាននិយាយដោយសំអាងប្រភពពីទីភ្នាក់ងារអាកាសធាតុថា អាកាសធាតុក្ដៅល្មមបែបនេះបានធ្វើឲ្យផ្ការីកស្គុះស្គាយរយៈពេល ៩ថ្ងៃលឿនជាងធម្មតានៅក្នុងរដ្ឋធានីនេះ និងមួយក្នុងចំណោមរដូវផ្ការីកឆាប់រហ័សបំផុតដែលធ្លាប់បានកត់ត្រាក្នុងប្រវត្តិសាស្ត្រ៕
អត្ថបទ៖ សុខមាន