ន័រវេស៖ កងកម្លាំងប្រដាប់អាវុធប្រទេសន័រវេសបានប្រកាសថា រថក្រោះប្រយុទ្ធ Leopard ជំនាន់ទី២ ផលិតនៅប្រទេសអាល្លឺម៉ង់ចំនួន ៨គ្រឿងដែលប្រទេសន័រវែសបានសន្យាជាមួយអ៊ុយក្រែន ពេលនេះត្រូវបានទទួលដោយទីក្រុងគីវរួចហើយ។

វីដេអូដែលបានចេញផ្សាយដោយយោធាប្រទេសន័រវេសកាលពីថ្ងៃពុធ ទី២២ ខែមីនា បានបង្ហាញរថក្រោះ Leopard 2A4 ដែលត្រូវបានដឹកជញ្ជូនតាមផ្លូវគោកទៅកាន់ទីតាំងដែលមិនបានបង្ហាញ។ កងកម្លាំងប្រដាប់អាវុធន័រវេសបានប្រកាសនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃចន្ទ ទី២០ ខែ មីនាថា រថក្រោះ Leopard 2 ចំនួន ៨គ្រឿងត្រូវបានទទួលរួចហើយ។ ទីក្រុង Kyiv ធានាបានពីការសន្យារបស់សម្ព័ន្ធមិត្តប្រទេសលោកខាងលិចជាច្រើន ដែលថានឹងបញ្ជូនរថក្រោះប្រយុទ្ធទំនើបមកជួយទប់ទល់ការវាយលុករបស់រុស្ស៊ី ខណៈទីក្រុងមូស្គូបង្កើនកិច្ចប្រឹងប្រែងរបស់ខ្លួន ដើម្បីវាយរុលទៅមុខនៅភាគខាងកើតប្រទេសអ៊ុយក្រែន។
បណ្តាប្រទេសសម្ព័ន្ធយោធាណាតូផ្សេងទៀតរួមមានអាល្លឺម៉ង់ ប៉ូឡូញ និងព័រទុយហ្គាល់បាននិយាយថា ពួកគេនឹងដឹកជញ្ជូនរថក្រោះ Leopard 2 សរុបចំនួន ៤៨គ្រឿងទៅឱ្យអ៊ុយក្រែន។ ប្រទេសន័រវេសដែលមានព្រំដែនជាប់ប្រទេសរុស្ស៊ីនៅតំបន់អាក់ទិកមានរថក្រោះ Leopard 2 សរុបចំនួន ៣៦គ្រឿង៕
អត្ថបទ៖ ប៊ុនថន