កូឡុំប៊ី៖ យោងតាមមេបញ្ជាការយោធាបាននិយាយថា កងកម្លាំងប្រដាប់អាវុធ និងនគរបាលប្រទេសកូឡុំប៊ីបានត្រៀមខ្លួនដើម្បីប្រឈមមុខ និងឆ្លើយតបចំពោះការកើនឡើងការវាយប្រហារដោយក្រុម ក្លាន ដែលហ្កូលហ្វូ (Clan del Golfo) បន្ទាប់ពីការសម្រេចរបស់រដ្ឋាភិបាលក្នុងការផ្អាកបទឈប់បាញ់ទ្វេភាគី ជាមួយក្រុមប្រដាប់អាវុធខុសច្បាប់។

ប្រធានាធិបតីលោក ហ្គាសតាវ៉ូ ប៉េត្រូ (Gustavo Petro) កាលពីថ្ងៃអាទិត្យបានផ្អាកបទឈប់បាញ់ទ្វេភាគីដែលបានព្រមព្រៀងជាមួយក្រុម Clan del Golfo ជាក្រុមជនអន្ធពាលឧក្រិដ្ឋកម្មធំបំផុតរបស់ប្រទេស បន្ទាប់ពីក្រុមនេះបានដុតរថយន្តច្រើនគ្រឿង និងវាយប្រហារមកលើនគរបាលដោយកាំភ្លើងនៅភាគពាយព្យប្រទេស ក្នុងពេលមានការតវ៉ារយៈពេល ៣សប្តាហ៍ដោយក្រុមកម្មករអណ្តូងរ៉ែ ដែលបានប្រឆាំងទៅនឹងប្រតិបត្តិការយោធាលើការជីកយករ៉ែមាសដោយខុសច្បាប់។ បទឈប់បាញ់គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតី Petro ដែលបានចូលកាន់តំណែងកាលពីជាង ៧ខែកន្លងទៅនេះ ជាមេដឹកនាំឆ្វេងនិយមដំបូងគេក្នុងប្រវត្តិសាស្ត្ររបស់ប្រទេស ក្នុងការបញ្ចប់ជម្លោះប្រដាប់អាវុធផ្ទៃក្នុងជិត ៦ទសវត្សរ៍ ដែលបានបណ្តាលឲ្យមនុស្សជាង ៤៥០,០០០នាក់ស្លាប់។ រដ្ឋាភិបាលបានចោទប្រកាន់ក្រុមបក្សសម្ព័ន្ធពីការវាយប្រហារ ដែលបានបណ្តាលឲ្យមានការបិទផ្លូវ និងការខ្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈនៅក្នុងក្រុងយ៉ាងហោចណាស់ចំនួន១២។ ឧត្តមសេនីយ៍លោក ហេលឌ័រ ហ្វឺណាន ជីរ៉ាលដូ (Helder Fernan Giraldo) បាននិយាយថា យើងបានរៀបចំសម្រាប់ការកើនឡើងនៃសកម្មភាពភេរវកម្មមកលើជនស៊ីវិល ដោយក្រុមប្រដាប់អាវុធដែលបានរៀបចំទុក សម្រាប់ការវាយប្រហារមកលើកងកម្លាំងសាធារណៈ មកលើហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចសំខាន់ៗរបស់ប្រទេស។ ទន្ទឹមនឹងនេះ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) បានសម្តែងការព្រួយបារម្ភដោយបាននិយាយថា ការប៉ះទង្គិចគ្នារវាងក្រុមប្រដាប់អាវុធខុសច្បាប់របស់ប្រទេសកូឡុំប៊ី បានធ្វើឱ្យស្ថានភាពមនុស្សធម៌របស់ប្រទេសនេះកាន់តែអាក្រក់កាលពីឆ្នាំមុន ដោយជនស៊ីវិលត្រូវផ្លាស់ប្តូរទីលំនៅដោយបង្ខំ និងរស់នៅក្នុងបរិវេណមានដែនកំណត់៕
អត្ថបទ៖ ប៊ុនថន