ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានមហិច្ឆតាពង្រីកវិសាលភាពនៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាគ្រប់គ្រងវិស័យហិរញ្ញវត្ថុសាធារណៈ (FMIS) ដល់អង្គភាពអនុវត្តថវិកា និងអង្គភាពចំណាយថវិការដ្ឋនៅគ្រប់ទិសទី, និងការអភិវឌ្ឍថ្មីរបស់ FMIS និងប្រែក្លាយនីតិវិធី អនុវត្តការងារដោយដៃបច្ចុប្បន្ន និងជាក្រដាស ទៅជានីតិវិធីតាមបែបឌីជីថលទាំងស្រុង ។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងលើកឡើងក្នុងពិធី «ប្រកាសពង្រីកការប្រើប្រាស់មុខងាររបស់ FMIS, ពង្រីកការអនុវត្តនីតិវិធីតាម FMIS ទាំងស្រុង, ពង្រីកការប្រើប្រាស់ FMIS Portal ជំនាន់ទី ១ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងការប្រកាសដាក់ឱ្យអនុវត្តគម្រោងរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ នៅក្រសួងចំនួន ៥ ដំបូង» នៅថ្ងៃទី ២២ ខែមីនា ឆ្នាំ២០២៣ នេះថា ចំពោះដំណើរនៃការដាក់ឱ្យប្រើប្រាស់ FMIS, ដំបូងឡើយ FMIS ត្រូវបានដាក់ឱ្យប្រើប្រាស់តែនៅតាមអគ្គនាយកដ្ឋានគន្លឹះៗផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានតែមុខងារស្នូលប៉ុណ្ណោះ ពោលគឺមុខងារពាក់ព័ន្ធនឹងការអនុវត្តថវិកា និងកិច្ចការងាររតនាគារ ។
ចំណែកឯជំហានទី ២ បានផ្ដោតលើការពង្រីកការប្រើប្រាស់ FMIS ទៅកាន់គ្រប់ក្រសួង-ស្ថាប័ន និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
នៅក្នុងជំហានទី២ នេះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានគិតគូររៀបចំនូវយុទ្ធសាស្ត្រសម្រាប់ការតម្រឹមនីតិវិធីអនុវត្តការងារតាម FMIS ដោយដាក់គោលដៅបញ្ឈប់ រំហូរនៃការប្រើប្រាស់ឯកសារជាក្រដាស ជំនួសដោយរំហូរការងារ តាមប្រព័ន្ធទាំងស្រុងវិញ សម្រាប់នីតិវិធីទូទាត់ចំណាយបៀវត្ស, ចំណាយទឹក-ភ្លើង និងចំណាយបន្ទុកបុគ្គលិកមួយចំនួនទៀត នៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងចំនួន ៧ ក្នុងឆ្នាំ ២០២០ ។
ឆ្លងកាត់ជំហានទាំង ២ ខាងលើ, ក្រសួងទទួលបាននូវមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់ការតម្រង់ទិសបន្ត នៅក្នុងជំហានទី ៣ ដែលបានចាប់ផ្ដើមនៅក្នុងឆ្នាំ ២០២១ និងគ្រោងបញ្ចប់ក្នុងឆ្នាំ ២០២៥ ដើម្បីទាញប្រយោជន៍ឱ្យបានជាអតិបរិមា ពីប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានដែលយើងកំពុងប្រើប្រាស់ស្រាប់៕ អត្ថបទ៖ សុន រ៉ាឌី