បាល់ទាត់៖ ពេលនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំកំពុងតែមមាញឹកហ្វឹកហាត់នៅប្រទេសសិង្ហបុរី ដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់មិត្តភាពអន្តរជាតិ Merlion ដែលដំណើរការប្រកួតចាប់ពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ។

ការប្រកួតបាល់ទាត់ Merlion Cup គឺជាការប្រកួតបែបអញ្ជើញដែលរៀបចំជាប្រចាំឆ្នាំពីឆ្នាំ១៩៨២ ដល់១៩៨៦ ឆ្នាំ១៩៩២ ២០០៩ និង២០១៩។ ក្រុមដែលចូលរួមប្រកួតគឺជម្រើសជាតិ ក្រុមសម្រាប់ប្រកួតអូឡាំពិក និងក្លិបមួយចំនួន។ ថ្ងៃទី២៤ ខែមីនានេះ ក្រុមបាល់ទាត់យុវជនអាយុក្រោម ២២ឆ្នាំកម្ពុជាត្រូវជួបយុវជនអាយុក្រោម ២២ឆ្នាំម៉ាឡេស៊ី ខណៈដែលយុវជនម្ចាស់ផ្ទះសិង្ហបុរីត្រូវប្រកួតជាមួយយុវជនក្រុមជម្រើសហុងកុង។ ពីរថ្ងៃបន្ទាប់អ្នកឈ្នះនៃការប្រកួត នឹងជួបគ្នាដើម្បីសម្រេចម្ចាស់ពាន ចំនែកអ្នកចាញ់ប៉ះអ្នកចាញ់ដើម្បីដណ្តើមចំណាត់ថ្នាក់លេខ៣ និងលេខ៤។ ការប្រកួតនេះ BTV News ផ្សាយផ្ទាល់ពីប្រទេសសិង្ហបុរីជូនអ្នកគាំទ្របាល់កម្ពុជា៕

