ភ្នំពេញ៖ សិស្សានុសិស្សតាមសាលារៀន បច្ចុប្បន្ននេះ បានចាប់ផ្ដើមលេងល្បែងប្រជាប្រិយ យ៉ាងសប្បាយរីករាយ មុននឹងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរចូលមកដល់។
ទន្ទឹមនឹងការលេងល្បែងប្រជាប្រិយ ពួកគេជាយុវជន ក៏មានការហាត់សម នូវទម្រង់សិល្បៈផ្សេងសម្រាប់សម្ដែងក្នុងព្រឹត្តិការណ៍សង្រ្កាន្ត នៅក្នុងវិទ្យាល័យរបស់ខ្លួនផងដែរ។
វិទ្យាល័យជាស៊ីមសាមគ្គី នឹងរៀបចំសង្រ្កាន្តនៅថ្ងៃ២ និងថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២៣ខាងមុខ ក្រោមប្រធានបទ “សង្រ្កាន្តយុវជនដើម្បីវប្បធម៌ ។ មុននឹងកម្មវិធីសង្រ្កាន្តចូលមកដល់ សម្រាប់សិស្សនៅវិទ្យាល័យ ជាស៊ីមសាមគ្គី ក៏បានបន្តតុបតែងលម្អសោភណ្ឌភាពសាលារបស់ខ្លួន ជាពិសេសគឺនាំគ្នាលេងល្បែងប្រជាប្រិយរបស់ខ្មែរ យ៉ាងសប្បាយរីករាយ។
ទន្ទឹមនឹងការលេងល្បែងប្រជាប្រិយទាំងនេះ ពួកគេជាយុវជន ក៏បាននាំគ្នាហ្វឹកហាត់នូវ ការរាំទម្រង់សិល្បៈខ្មែរ ជាច្រើនដើម្បីសម្ដែងក្នុងព្រឹត្តិការណ៍សង្រ្កាន្តរបស់ខ្លួន ក្នុងគោលដៅសំខាន់អភិរក្ស និងបង្ហាញឱ្យយុវជនបានស្វែងយល់ យកចិត្តទុកដាក់លើអ្វីដែលជាកេរមរតករបស់ខ្មែរ។ លើសពីនេះ គឺនឹងមានការអញ្ជើញ ព្រឹទ្ធាចារ្យសិល្បៈករ គង់ ណៃ ចូលរួមផងដែរ។ នេះជាការលើកឡើងរបស់ យុវជន ម៉ៃ សំណាង ជាប្រធានក្រុមការងាររៀបចំសង្រ្កាន្តនៅវិទ្យាល័យជាស៊ីមសាមគ្គី។
យុវជនប្រធានក្រុមការងារ បញ្ជាក់ថា សម្រាប់ចំណុចពិសេសមួយទៀត គឺក្រុមយុវជននៃវិទ្យាល័យជាស៊ីម សាមគ្គី បានយកគុនល្បុកតោ បូកបញ្ចូលជាមួយក្បាច់រាំ ម៉ាឌីហ្សុន បង្កើតជាក្បាច់រាំថ្មី គួរឱ្យចាប់អារម្មណ៍សម្រាប់បង្ហាញក្នុងព្រឹត្តិការណ៍សង្រ្កាន្តរបស់ខ្លួនផងដែរ។
យុវជន ជាសិស្សដែលបានចូលរួមរៀបចំ និងលេងកំសាន្តល្បែងប្រជាប្រិយរៀងរាល់ថ្ងៃមកនេះ ពេញចិត្ត នៅពេលដែលសិស្សនាំគ្នាមកលេងល្បែងប្រជាប្រិយបែបនេះ និងមានភាពចាំបាច់ក្នុងការការពារ អភិរក្សថែរក្សា សម្បត្តិវប្បធម៌របស់ខ្មែរ។
ថ្មីៗនេះក្រសួងអប់រំ យុវជន និងកីឡា ក៏បានចេញសេចក្ដីជូនដំណឹង ដោយលើកទឹកចិត្តឱ្យគ្រប់គ្រឹះស្ថានសិក្សាទាំងរដ្ឋ និងឯកជន បង្កបរិយាកាសឱ្យសិស្សលេងកំសាន្តល្បែងប្រជាប្រិយរបស់ខ្មែរផងដែរ ក្នុងកំឡុងពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ។ ក្រសួងបានហាមប្រាមជាដាច់ខាត ក្នុងការលេងម្សៅ រឺជះទឹក ដែលពុំមែនជារបស់ខ្មែរ៕ អត្ថបទ៖ គឹមហុក