ប្រណាំងកង់៖ ជើងឯកប្រណាំងកង់ពិភពលោកសញ្ជាតិប៊ែលហ្ស៊ិក Remco Evenepoel បានប្រជែងឈ្នះដំណាក់កាលទី៣ នៃព្រឹត្តិការណ៍ប្រណាំងកង់ Volta a Catalunya នៅប្រទេសអេស្ប៉ាញ។
ដំណាក់កាលទី៣ ដែលមានចំងាយផ្លូវ ១៨០.៥គីឡូម៉ែត្រកីឡាកររបស់ក្រុម Soudal-Quick Step រូបនេះបានប្រើល្បឿនខ្លួននៅចំនុច ៤.៥គីឡូម៉ែត្រចុងក្រោយ ដើម្បីប្រជែងឈ្នះក្នុងចំណោមកីឡាករ ៤០នាក់ដែលបូករួមទាំងអតីតជើងឯក Tour de France, Primoz Roglic ផងដែរដើម្បីមកដល់ទីព្រ័ត្រមុនគេប្រើពេល ៤ម៉ោង ៤០នាទី ៤៣វិនាទី តាមពីក្រោយដោយកីឡាករស្លូវេនី Primoz Roglic យឺតជាង ២វិនាទី និងលេខ៣ កីឡាករអ៊ីតាលី Giullo Ciccone យឺតជាង ១៣វិនាទី។
យ៉ាងណាក្តីក្រោយ ៣ដំណាក់កាលនេះកីឡាកររបស់ក្រុម Jumbo Visma, Primoz Roglic នៅតែបន្តនាំមុខគេដដែល និងតាមពីក្រោយដោយ Remco Evenepoel។ សំរាប់ដំណាក់កាលទី៤ ថ្ងៃព្រហស្បតិ៍នេះមានចំងាយផ្លូវ ១៨៨គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ