វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់លេខ ១ ពិភពលោក Iga Swiatek បានសំរេចចិត្តដកខ្លួនមិនចូលរួមការប្រកួតកម្មវិធី Miami Open ដោយសាររបួសត្រគាក។ បើតាមការគ្រោងទុកកីឡាការិនីសញ្ជាតិប៉ូឡូញរូបនេះត្រូវមានកាលវិភាគប្រកួតជុំទី២ ជួបជាមួយកីឡាការិនីអាមេរិក Claire Liu នៅថ្ងៃព្រហស្បតិ៍នេះ។

Iga Swiatek បានបញ្ជាក់ថា នាងមានបញ្ហារបួសត្រគាកនេះតាំងពីការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Indian Wells ដែលចាញ់ Elena Rybakina។ របួសនេះដែរក៏បានធ្វើឱ្យ Swiatek កាន់តែបារម្ភពីលទ្ធភាពពីការចូលរួមការពារតំណែងជើងឯក Grand Slam, French Open ដែលនាងឈ្នះកីឡាការិនីអាមេរិក Coco Gauff នៅវគ្គផ្តាច់ព្រ័ត្រឆ្នាំមុន។ មុននឹងឈានដល់ French Open នៅថ្ងៃទី២៩ ខែឧសភានោះ ក៏នឹងមានព្រឹត្តិការណ៍សំខាន់ៗជាច្រើនផងដែររួមមាន WTA 500 Stuttgart Open និង WTA 1000 ពីរកម្មវិធី Madrid Open និង Italian Open ផងដែរ ដែលកម្មវិធីសំខាន់ៗទាំងនេះ Iga Swiatek ក៏អាចអវត្តមានផងដែរ៕
អត្ថបទ៖នាង សុភាវុធ