ភ្នំពេញ ៖ បងប្អូនកម្មករ និយោជិកតាមរោងចក្រ សហគ្រាស ក្នុងមួយថ្ងៃចន្លោះពី៤០០នាក់ ទៅ៨០០នាក់ បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី២ ប្រភេទស៊ីណូវ៉ាក់ នៅទីតាំងក្រសួងបរិស្ថាន។
បើតាមអ្នកស្រី សួន សុខេននារី អនុប្រធានក្រុម និងជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ ប្រចាំនៅទីតាំងក្រសួងបរិស្ថាន ប្រាប់BTV ព័ត៌មាននាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១នេះថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តក្រសួងការងារ បានរៀបចំការចាក់វ៉ាក់សាំងកូវីដ១៩ នៅទីតាំងនេះ ដើម្បីចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ ប្រភេទស៊ីណូវ៉ាក់ ជូនបងប្អូនកម្មករ និយោជិក នៅតំបន់បិទខ្ទប់ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលមិនអាចទៅចាក់វ៉ាក់សាំងនៅតាមទីតាំងដូសទី១បាន។ ដូច្នេះសូមឲ្យបងប្អូនកម្មករ និយោជិក មកចាក់វ៉ាក់សាំងកូវីដ១៩ ដូសទី២ នៅក្រសួងបរិស្ថាន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-19។
ជាមួយគ្នានោះដែរ បងប្អូនកម្មករ និយោជិក បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-19 ដូសទី២ ប្រភេទស៊ីណូវ៉ាក់ និយាយស្រដៀងគ្នាថា ក្នុងវិបតិ្តកូវីដ១៩នេះ បានបង្ករការលំបាកជាច្រើន ក្នុងជីវភាពរស់នៅ និងការងារប្រចាំថ្ងៃផងដែរ។
សូមបញ្ជាក់ផងដែរថា ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ បើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកម្មករ និយោជិកតាមរោងចក្រ សហគ្រាស ប្រភេទស៊ីណូវ៉ាក់ បានចាប់ដំណើរការកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១។ ទន្ទឹមនឹងនោះបើយោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល បានបង្ហាញថា ការចាក់វ៉ាក់សាំងកូវីដ១៩ទាំង៣ប្រភេទ (ស៊ីណូហ្វាម អាស្ត្រាហ្សេនីកា និងស៊ីណូវ៉ាក់) ចាក់បានចំនួន ១,០៣៤,៨៩០នាក់ហើយ។ ក្នុងនោះអ្នកចាក់លើកទី២ បានចំនួន ៦៦៦,១០៨នាក់៕
អត្ថបទ ៖ រដ្ឋា




