ឥណ្ឌា៖ ស្របពេលដែលប្រទេសឥណ្ឌា ប្រឈមនឹងការហក់ឡើងខ្ពស់ករណីឆ្លងជំងឺ COVID-19 ធ្វើឲ្យអន្តរាយដល់ប្រព័ន្ធថែទាំសុខភាពនោះ ប្រជាពលរដ្ឋបានចាត់វិធានការដោយខ្លួនឯង ដើម្បីរក្សាអាយុជីវិតមនុស្សជាទីស្រលាញ់របស់ពួកគេ។

ពួកគេមួយចំនួនបានងាកមករកការព្យាបាល ដោយឱសថគ្មានវេជ្ជបញ្ជា និងទីផ្សារងងឹត សម្រាប់ថ្នាំសង្គ្រោះជីវិតដែលកំពុងជួបកង្វះខាតការផ្គត់ផ្គង់។ លោក អាស៊ីស ប៉ូដា បានកាន់ស្បោងទឹកកកក្នុងដៃ ពេលដែលលោករង់ចាំឈ្មួញទីផ្សារងងឹត នៅខាងក្រៅមន្ទីរពេទ្យក្រុងញូវដែល្លី ដើម្បីទទួលបានថ្នាំ ២គ្រាប់សម្រាប់ឪពុករបស់លោក ដែលពិបាកដកដង្ហើមខ្លាំងក្រោយឆ្លងជំងឺ COVID-19។ ប៉ុន្តែថ្នាំពេទ្យអត់ឃើញមកដល់ទាល់តែសោះ ទឹកកកដែលទុកឲ្យថ្នាំត្រជាក់រលាយអស់ ហើយឪពុករបស់លោកក៏បានស្លាប់ រយៈពេលប៉ុន្មានម៉ោងក្រោយមក។ លោក ប៉ូដា ត្រូវបានមន្ទីរពេទ្យឯកជនមួយកន្លែង និយាយប្រាប់ឲ្យព្យាបាលឪពុករបស់លោក ដោយប្រើប្រាស់ថ្នាំប្រភេទ Remdesivir ទើបអាចរក្សាជីវិតឪពុកវ័យ ៦៨ឆ្នាំរបស់លោកបាន។លោក ប៉ូដា ងាកមករកឈ្មួយទីផ្សារងងឹតដែលបានសន្យាផ្តល់ថ្នាំពេទ្យ ក្រោយយកលុយមុន ១ពាន់ដុល្លារ តែទីបំផុតលោកមិនទទួលបានថ្នាំតាមការសន្យានោះទេ។ សូមបញ្ជាក់ថា មន្ទីរពេទ្យ និងឱសថស្ថានភាគច្រើន នៅតាមរដ្ឋធានីក្នុងប្រទេសឥណ្ឌាបានអស់ស្តុកទៅហើយ ជាហេតុធ្វើឲ្យស្ថានភាពរីករាលដាលឆ្លងជំងឺ COVID-19 នៅក្នុងប្រទេសមួយនេះកាន់តែដុនដាបខ្លាំង៕
អត្ថបទ៖ សារ៉ាត់