ភ្នំពេញ ៖ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្រាវជ្រាវចាប់ឃាត់ខ្លួនជនសង្ស័យ ២នាក់ ក្នុងចំណោមបក្ខពួក ៣នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ជនសង្ស័យទាំង ២នាក់ ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួន ១-ឈ្មោះ ឈុន ដេវីត ហៅ វីត ភេទ ប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ២-ឈ្មោះ សេង សិលា ហៅ ខ្លា ភេទ ប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ ។ ចំណែកជនរងគ្រោះឈ្មោះ សុក សាវី ភេទ ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ ខ្មែរ មានទីលំនៅផ្ទះជួល សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មុខរបរ កម្មករសំណង់ ។
លោកវរសេនីយ៍ឯក ប៊ុន សត្យា នាយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ប្រាប់អោយដឹងថា រយះពេល ២ ថ្ងៃ គឺ
ថ្ងៃទី២១ និង ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ កម្លាំងការិយាល័យស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណី លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើហិង្សា (យកកាំបិតកែច្នៃកាប់ទៅលើជនរងគ្រោះប្លន់យកម៉ូតូ ១គ្រឿង ម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ តាកែវ ១O-៨៨៦០ កាលពី
វេលាម៉ោង ០៣ ទៀបភ្លឺ ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅចំណុចមុខផ្ទះលេខ២អាបេ១៣ ផ្លូវសហព័ន្ធរុស្សី ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ក្រុមជនសង្ស័យមានបក្ខពួក ៣នាក់ ចាប់ខ្លួន ២នាក់ គេចខ្លួនម្នាក់ប្រដាប់ដោយដាវ កែច្នៃចំនួន ០២ ដើម ។
ជនសង្ស័យ និងវត្ថុតាង ការិយាល័យកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ ដោយ ៖ តារាវុទ្ធី




