ព្រះសីហនុ៖ នាវាល្បាតបារាំងមួយគ្រឿងឈ្មោះ Prairial បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ ចាប់ពីព្រឹកថ្ងៃទី ២៤ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីរិតចំណងមិត្តភាពកងទ័ពបារាំង និងកងទ័ពកម្ពុជា។
ការចូលសំចតចុងក្រោយរបស់នាវាបារាំងនៅកម្ពុជា ធ្វើឡើងកាលពីឆ្នាំ២០១៦ ហើយការចូលសំចតដែលគ្រោងធ្វើឡើងកាលពីឆ្នាំ២០២០-២០២១ មិនអាចប្រព្រឹត្តទៅបានដោយសារស្ថានភាពសុខាភិបាល វិបត្តិកូវីដ១៩។ ដូច្នេះ ទស្សនកិច្ចរបស់នាវា Prairial ជាថ្មីនេះ គឺជាសញ្ញាថ្មីមួយទៀតនៃភាពរស់រវើកនៃទំនាក់ទំនងរវាងប្រទេសទាំងពីរ។
គួរបញ្ជាក់ថា នាវា Prairial គឺជានាវារបស់កងទ័ពបារាំងនៅប៉ូលីនេស៊ី ដែលស្ថិតក្រោមការបញ្ជារបស់ ឧត្តមនាវីត្រី Geoffroy d’Andigné ។ នាវានេះត្រូវបានប្រើប្រាស់សម្រាប់បំពេញបេសកកម្មផ្សេងៗ ដូចជាការការពារអធិបតេយ្យនៅតាមតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បារាំង ឬការផ្តល់ជំនួយដល់ប្រជាជន ឬចូលរួមក្នុងកិច្ចសហប្រតិបត្តិការនានា។ នាវានេះមានបណ្តោយប្រវែង ៩៤ ម៉ែត្រ ហើយមានសមាជិកនាវិកប្រមាណ១០០ នាក់ ដោយមានផ្ទុកឧទ្ធម្ភាគចក្រមួយគ្រឿងប្រភេទ Dauphin។ ជាទូទៅ នាវា Prairial ចូលរួមនៅក្នុងការប្រយុទ្ធប្រឆាំងនឹងការនេសាទខុសច្បាប់នៅក្នុងដែនទឹកអន្តរជាតិ និងក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់បណ្តាប្រទេសដែនកោះនៃមហាសមុទ្រប៉ាស៊ីហ្វិក៕







