បាល់ទាត់៖ ក្លិបបាល់ទាត់ជើងឯកអាល្លឺម៉ង់ Bayern Munich បានសម្រេចបញ្ចប់តំណែងអ្នកចាត់ការលោក Julian Nagelsmann ហើយ និងគ្រោងតែងតាំងអតីតអ្នកចាត់ការ Dortmund និង Chelsea, Thomas Tuchel។
បុរសវ័យ ៣៥ឆ្នាំរូបនេះត្រូវបានដកតំណែង បន្ទាប់ពី Bayern Munich មានរដូវកាលមិនសមប្រកប ខណៈប្រកួតចុងក្រោយចាញ់ Leverkusen ២-១ បាត់បង់តំណែងលេខ ១ នៅ Bundesliga ទៅ Dortmund។ លោក Julian Nagelsmann បានចូលមកកាន់តំណែងដឹកនាំ Bayern Munich នៅឆ្នាំ២០២១ និងបានដឹកនាំក្រុមគ្រងជើងឯក Bundesliga ១០រដូវកាលជាប់គ្នារដូវកាលមុន។ Bayern Munich នឹងត្រូវជួបជាមួយ Manchester City នៅវគ្គ ៨ក្រុមចុងក្រោយ UEFA Champions League។
បេក្ខភាពដែលនឹងមកជំនួសតំណែងអតីតអ្នកចាត់ការ Leipzig រូបនេះត្រូវបានគេរំពឹងថាជាលោក Thomas Tuchel ដែលកំពុងនៅទំនេរពីការងារក្រោយ Chelsea បញ្ចប់តំណែងកាលពីខែកញ្ញា។ លោក Tuchel បានដឹកនាំ Chelsea រដូវកាលដំបូងលើកពាន UEFA Champions League តែម្តងនៅពេលបន្តតំណែងពីលោក Frank Lampard៕
អត្ថបទ៖នាង សុភាវុធ