អឺរ៉ុប៖ មេដឹកនាំសហភាពអឺរ៉ុបបានជួបពិភាក្សាគ្នាកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ជាមួយប្រមុខអង្គការសហប្រជាជាតិលោក Antonio Guterres ស្តីពីសន្តិសុខស្បៀងពិភពលោក និងការដាក់ទណ្ឌកម្មលើរុស្ស៊ីជុំវិញការវាយលុករបស់ខ្លួនលើអ៊ុយក្រែន ហើយក៏បានគាំទ្រផែនការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំបន្ថែមទៀតដល់ទីក្រុង Kyiv។

ការចូលរួមរបស់លោក Guterres នៅក្នុងកិច្ចប្រជុំកំពូលសហភាពអឺរ៉ុបបានធ្វើឡើងប៉ុន្មានថ្ងៃ បន្ទាប់ពីការផ្តល់សុពលភាពថ្មីដល់កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយអង្គការសហប្រជាជាតិ និងប្រទេសទួរគី លើការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនដោយសុវត្ថិភាពតាមសមុទ្រខ្មៅ ដែលត្រូវបានគេមើលឃើញថាមានសារៈសំខាន់ក្នុងការជំនះលើវិបត្តិស្បៀងអាហារពិភពលោក។ នាយកប្រតិបត្តិសហភាពអឺរ៉ុប និងជាប្រធានគណៈកម្មការលោកស្រី Ursula von der Leyen បាននិយាយថា ទណ្ឌកម្មថ្មីណាមួយលើប្រទេសរុស្ស៊ី ភាគច្រើននឹងជាវិធានការទៅលើការគេចពីទណ្ឌកម្ម។ លោកស្រីបាននិយាយថា សហភាពអឺរ៉ុបនឹងធ្វើការជាមួយអង្គការនានា ដើម្បីស្វែងរកកុមារអ៊ុយក្រែនដែលត្រូវបាននិរទេសទៅកាន់ប្រទេសរុស្ស៊ី ហើយនាំពួកគេត្រឡប់មកវិញ។ តុលាការព្រហ្មទណ្ឌអន្តរជាតិបានចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន កាលពីសប្តាហ៍មុនពីបទនិរទេសកុមារអ៊ុយក្រែនដោយខុសច្បាប់។
អង្គការសហប្រជាជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា លោកបានផ្តល់ការធ្វើបច្ចុប្បន្នភាពស្តីពីការពង្រឹងសន្តិសុខស្បៀងសកល តាមរយៈគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិសមុទ្រខ្មៅ និងការខិតខំប្រឹងប្រែងដើម្បីជួយសម្រួលដល់ការនាំចេញស្បៀង និងជីរបស់រុស្ស៊ី។ សហរដ្ឋអាមេរិកមិនបានព្រមព្រៀងចំពោះការទាមទាររបស់រុស្ស៊ី ដែលថាទណ្ឌកម្មរបស់ប្រទេសលោកខាងលិចត្រូវតែបានបន្ធូរបន្ថយ មុនពេលទីក្រុងមូស្គូអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិនៅសមុទ្រខ្មៅរបស់អ៊ុយក្រែន បន្តហួសពីពាក់កណ្តាលខែឧសភា ដោយនិយាយថា ពុំមានការរឹតត្បិតលើផលិតផលកសិកម្ម ឬជីរបស់រុស្ស៊ីនោះទេ។ មេដឹកនាំសហភាពអឺរ៉ុបបានគាំទ្រផែនការ ដែលបានព្រមព្រៀងដោយរដ្ឋមន្ត្រីការបរទេសកាលពីថ្ងៃចន្ទ ទី២០ ខែមីនា ដើម្បីបញ្ជូនគ្រាប់កាំភ្លើងធំមួយលានគ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែននៅឆ្នាំក្រោយ៕
អត្ថបទ៖ ប៊ុនថន