ស៊ីហ្គេម៖ គណៈកម្មាធិការជាតិអូឡាំពិកនៃប្រទេសហ្វីលីពីន មានក្តីរំពឹងខ្ពស់ពីការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ នៅកម្ពុជា ដោយគ្រោងនឹងបញ្ជូនអត្តពលិក ៩០៥នាក់មកចូលរួម។ សរុបទាំងគណៈប្រតិភូហ្វីលីពីននឹងបញ្ជូនមកកាន់កម្ពុជា ១១៦២នាក់ រួមមានអត្តពលិក ៩០៥នាក់ និងប្រតិភូ ២៥៧នាក់។

នេះជាការកើនឡើងគួរកត់សំគាល់នៃចំនួនអត្តពលិកសរុប ដែលបញ្ជូនមកចូលរួមព្រឹត្តិការណ៍កីឡា ២ឆ្នាំម្តងនៅតំបន់អាស៊ីអាគ្នេយ៍មួយនេះដែលមានការកើនពីចំនួន ៦៥៦នាក់ដែលចូលរួមការប្រកួតស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម។ ហ្វីលីពីនឈរលេខ ៤ ក្នុងតារាងមេដាយសរុបនៅស៊ីហ្គេមទីក្រុងហាណូយ ប្រទេសវៀតណាម រួមមានមេដាយមាស ៥២គ្រឿង ប្រាក់ ៧០គ្រឿង និងសំរឹទ្ធ ១០៥គ្រឿង។ ម្ចាស់ផ្ទះកម្ពុជាបានដាក់បញ្ចូលកីឡាសរុបចំនួន ៣៨ប្រភេទលើវិញ្ញាសាសរុប ៦០៨ ដោយក្នុងនោះហ្វីលីពីននឹងចូលរួមគ្រប់ប្រភេទកីឡា៕ អត្ថបទ៖នាង សុភាវុធ
