ភ្នំពេញ ៖ ក្នុងពិធីបិទសន្និបាត បូកសរុបសមិទ្ធផលសុខាភិបាល ឆ្នាំ២០១៨ និងទិសដៅការងារឆ្នាំ២០១៩ របស់មនី្ទរសុខាភិបាលរាជធានីភ្នំពេញ ល្ងាចថ្ងៃទី៤ មេសា លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ស្នើដល់មន្រី្តរបស់ខ្លួន ពង្រឹងការផ្តល់សេវាសុខាភិបាលសាធារណៈ។
លោកជំទាវ បន្តទៀតថា បើមន្រី្តគ្រប់រូបបំពេញការងារទាំងអស់នេះបាន និងអាចគ្របដណ្តប់នូវការផ្តល់សេវាជូនប្រជាពលរដ្ឋ ពង្រឹងគុណភាពសេវាសុខាភិបាល និងអាចលុបបំបាត់របាំងហិរញ្ញវត្ថុ ជាពិសេសយើងអាចកាត់បន្ថយប្រាក់ ក្នុងហោប៉ៅរបស់ប្រជាពលរដ្ឋ ក្នុងពេលមកទទួលសេវាថែទាំសុខភាព។
លោកជំទាវ បន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខ បានយកចិត្តទុកដាក់លើវិស័យសុខាភិបាល ជាពិសេស សុខុមាលភាព របស់ពលរដ្ឋ។ ការអនុញ្ញាតឲ្យអនុវត្តនូវគម្រោងលើកទឹកចិត្តជាច្រើន រួមមាន ការផ្តល់ប្រាក់លាភការបន្ថែម ប្រាក់ឧបត្ថម្ភឆ្មប ដែលបានបង្កើតកូនរស់ មូលនិធិសមធម៌សម្រាប់ជួយដល់ប្រជាពលរដ្ឋក្រីក្រ ក្នុងគោលបំណង បង្កើនគុណភាព ប្រសិទ្ធភាព សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋគ្រប់រូបអាចមានលទ្ធភាពចូលមកប្រើប្រាស់សេវាសុខាភិបាល សាធារណៈប្រកបដោយសមធម៌ ដើម្បីឈានទៅកាត់បន្ថយអត្រាឈឺ និងស្លាប់របស់មាតា ទារក និងកុមារ កាត់បន្ថយអត្រាឈឺ និងស្លាប់ដោយជម្ងឺឆ្លង និងបន្ថយបន្ទុកជម្ងឺមិនឆ្លង ព្រមទាំងបញ្ហាសុខភាពផ្សេងៗទៀត ដើម្បីរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមឲ្យរីកចម្រើនដូចបណ្តាអរិយប្រទេសនៅលើពិភពលោក។
ទន្ទឹមគ្នានោះដែរ ឯកឧត្តម វេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការបង្កើនការប្រើប្រាស់សេវាថែទាំសុខភាពប្រជាពលរដ្ឋក្រីក្រ កម្មករ មន្រី្តរាជការ និវត្តន៍ជន ជនពិការឲ្យដល់កម្រិតមួយដែលចង់បាន និងការបង្ការ ប្រជាពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ក្រីក្រកុំឲ្យធ្លាក់ខ្លួនទៅក្នុងអន្ទាក់ នៃភាពក្រីក្រ ដោយសារការចំណាយលើការថែទាំសុខភាព គឺជាអាទិភាពមួយដែលវិស័យសុខាភិបាលត្រូវបន្តយកចិត្តទុកដាក់នៅក្នុងអន្តរាគមរបស់ខ្លួន។
ជាពិសេសមនី្ទរសុខាភិបាលរាជធានីភ្នំពេញ ចាត់ទុកថាការឧបត្ថម្ភគាំទ្រ និងកិច្ចសហការពីរដ្ឋបាលមូលដ្ឋាន និងស្ថាប័នពាក់ ព័ន្ធគ្រប់ជាន់ថ្នាក់ ការចូលរួមយ៉ាងសកម្មពីសហគមន៍ និងភាពជាដៃគូជាមួយផ្នែកឯកជន ការគាំទ្រថវិកា និងបច្ចេកទេសពីដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ និងអង្គការក្រៅរដ្ឋាភិបាល នៅតែជាកត្តាចាំបាច់ ដែលមិនអាចខ្វះបាន ហើយវឌ្ឍនភាព នៃការអភិវឌ្ឍន៍ពីវិស័យផ្សេងទៀត ក៏បានរួមចំណែកយ៉ាងសំខាន់ដល់វឌ្ឍនភាពក្នុងវិស័យសុខាភិបាលផងដែរ៕





