អ៊ីស្រាអែល៖ ប្រជាជនអ៊ីស្រាអែលបានចេញដើរធ្វើបាតុកម្មតាមផ្លូវនៅទីក្រុង Bnei Brak កាលពីថ្ងៃព្រហស្បតិ៍ ដោយតវ៉ាប្រឆាំងនឹងការកែទម្រង់ប្រព័ន្ធតុលាការរបស់រដ្ឋាភិបាល ដោយបានបង្កើនយុទ្ធនាការរយៈពេលជាច្រើនខែ ដើម្បីបង្ហាញការមិនយល់ព្រមចំពោះការផ្លាស់ប្តូរនេះ។

រូបភាពពីយានដ្រូនបានបង្ហាញក្រុមបាតុកររាប់ពាន់នាក់ដើរដង្ហែក្នុងទីក្រុង ដែលមួយចំនួនកំពុងកាន់រូបចម្លងដ៏ធំនៃការប្រកាសឯករាជ្យរបស់ប្រទេស។ រដ្ឋាភិបាលរបស់លោក Netanyahu ដែលរួមមានផ្នែកសាសនា និងជាតិនិយមជ្រុល ត្រូវបានគាំទ្រយ៉ាងទូលំទូលាយដោយសហគមន៍និកាយអូថូដុក (Orthodox) របស់ទីក្រុង Bnei Brak។ ការតវ៉ាបានកើនឡើងចាប់តាំងពីដើមឆ្នាំមក នៅពេលដែលរដ្ឋាភិបាលស្តាំនិយមរបស់នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានបង្ហាញច្បាប់ថ្មីដែលនឹងកំណត់អំណាចរបស់តុលាការកំពូល។ ផែនការនេះបានបង្កឲ្យមានក្តីបារម្ភដល់ស្ថានភាពលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលទាំងក្នុង និងក្រៅប្រទេស។ ក្រុមទាហានបម្រុងក៏បានចូលរួមការតវ៉ានេះ ហើយមន្ត្រីជាន់ខ្ពស់នៅក្រសួងហិរញ្ញវត្ថុបានព្រមានក្នុងសប្តាហ៍នេះ អំពីការធ្លាក់ចុះសេដ្ឋកិច្ច។
ក្នុងពេលជាមួយគ្នានេះដែរលោក Netanyahu បានជំរុញឆ្ពោះទៅមុខនូវច្បាប់នេះ ដែលរួមមានសេចក្តីស្នើច្បាប់នានា ដើម្បីផ្តល់ឱ្យរដ្ឋាភិបាលនូវអំណាចក្នុងការសម្រេចចិត្តជ្រើសរើសចៅក្រម និងកំណត់អំណាចរបស់តុលាការក្នុងការប្រឆាំងច្បាប់នេះ។ លោក Netanyahu ស្ថិតនៅក្នុងការកាត់ទោសពីបទចោទប្រកាន់អំពើពុករលួយ ដែលលោកបានបដិសេធដោយនិយាយថា ការផ្លាស់ប្តូរប្រព័ន្ធតុលាការគឺត្រូវការដើម្បីស្ដារឡើងវិញតុល្យភាព រវាងផ្នែកផ្សេងៗរបស់រដ្ឋាភិបាល។ អ្នករិះគន់និយាយថា វានឹងធ្វើឱ្យលទ្ធិប្រជាធិបតេយ្យរបស់អ៊ីស្រាអែលចុះខ្សោយ និងប្រគល់អំណាចដែលពុំអាចគ្រប់គ្រងបានទៅឱ្យរដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុនថន