វ៉ូវីណាម៖ ការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដំណើរការប្រកួតចាប់ពីថ្ងៃទី២៥ ខែមីនានេះតទៅ ដោយមានអត្តពលិកប្រមាណជាង ១០០នាក់មកពី ៧ប្រទេសចូលរួមប្រកួត។
យោងប្រភពសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានឱ្យដឹងថា ការប្រកួតនេះដំណើរការពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ រូមទាំងម្ចាស់ផ្ទះកម្ពុជា ប្រទេសដែលចូលរួមប្រកួតមាន ៧ប្រទេសក្នុងតំបន់អាស៊ាន។ ប្រភពបន្តថា កម្ពុជាមានកីឡាករ កីឡាការិនីចូលរួមប្រកួត ២៧នាក់, ថៃ ១២នាក់, សហភាពមីយ៉ាន់ម៉ា ២០នាក់, ឥណ្ឌូនេស៊ី ២០នាក់, ហ្វីលីពីន ៨នាក់, ឡាវ ១៣នាក់ និងវៀតណាម ៣៧នាក់ សរុបទាំងប្រតិភូដែលចូលរួមការប្រកួតនេះមានជាង ២០០នាក់។ សូមជម្រាបជូនថា ការប្រកួតនេះជាការត្រៀមលក្ខណៈរបស់សហព័ន្ធវ៉ូវីណាមកម្ពុជា ក្នុងការធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ីអាគ្នេយ៍២០២៣ ដែលនឹងដំណើរការប្រកួតដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ៕
អត្ថបទ៖ គង់ ហួន