ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៤ខែ មីនាឆ្នាំ២០២៣នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក យូហេសាសាកាវ៉ា ប្រធានមូលនិធិនីប៉ុង(The Nippon Foundation) ចូលជួបសម្តែងការគួរសមនៅវិមានសន្តិភាព។
នៅក្នុងជំនួបនេះ លោក សាសាកាវ៉ា បានគោរពជម្រាបជូនសម្ដេចតេជោអំពីសកម្មភាពរបស់មូលនិធិសាសាការ៉ានៅព្រះរាជាណាចក្រកម្ពុជា ដែលមូលនិធិសាសាកាវ៉ានេះ គឺជាផ្នែកមួយនៃមូលនិធិនីប៉ុង ដែលសព្វថ្ងៃនេះមូលនិធិកំពុងតែមានសកម្មភាពលើវិស័យចំ នួន៤ ដូចជាទី១.បង្កើតសាលាអវយវៈសិប្បនិម្មិតដែលមានអាយុកាលប្រមាណ៣០ឆ្នាំ មកហើយដែលសាលានេះ បានផលិតអវយវៈសិប្បនិមិត្តមានគុណភាពខ្ពស់ បច្ចេកទេសខ្ពស់ និងទទួលបានការគោរពហើយមានប្រទេសចំនួន២៨ បានបញ្ជូនសិស្សឱ្យមកសិក្សាការផលិតអវយវៈសិប្បនិមិត្តនៅកម្ពុជា។ទី២.ជួយសិស្សានុសិស្សនៅតាមជនបទតាមរយៈការបង្រៀនភាសាអង់គ្លេស និងផ្ដល់អាហារូបករណ៍ចំនួនប្រមាណ២ម៉ឺន៥ពាន់នាក់ ឱ្យបានទទួលការសិក្សានៅភ្នំពេញផង និងក្រៅប្រទេសផង។ទី៣.ចូលរួមជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងជំងឺឃ្លង់ដែលលោកបានមានប្រសាសន៍ថា រហូតមកដល់ពេលនេះកម្ពុជាស្ទើរតែគ្មានអ្នកកើតជំងឺឃ្លង់ហើយ។ទី៤.សកម្មភាពរបស់មូលនិធិនីប៉ុននៅប្រទេសមីយ៉ាន់ម៉ាជួយដល់ស្ត្រី និងកុមារខាងផ្នែកមនុស្សធម៌។
ជាការឆ្លើយតបសម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការរីករាយចំពោះការរីកចម្រើនរបស់សកម្មភាពមូលនិធិសាសាកាវ៉ានៅកម្ពុជាដែលមិនត្រឹមតែបានជួយដល់ប្រជាជនកម្ពុជាទេ គឺជួយដល់ប្រជាជននៃប្រទេសដទៃទៀតផងក្នុងការផលិតអវយវៈសិប្បនិមិត្ត។
សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណចំពោះលោក សាសាកាវ៉ាដែលបានជួយដល់កម្ពុជាលើវិស័យអប់រំ វិស័យសុខាភិបាលប្រយុទ្ធប្រឆាំងនឹងជំងឺឃ្លង់ហើយមិនត្រឹមតែបានជួយដល់កម្ពុជាទេ គឺបានជួយទៅដល់ប្រទេសមីយ៉ាន់ម៉ាទៀតផងគឺជួយដល់កុមារនិងស្ត្រីលើវិស័យមនុស្សធម៌។
ទន្ទឹមនេះសម្ដេចតេជោក៏បានស្នើសុំឲ្យមូលនិធិ សាសាកាវ៉ាបន្តជួយដល់កម្ពុជាបន្ថែមទៀត៕