សៀមរាប ៖ រដ្ឋបាលខេត្តសៀមរាប តំបន់មួយចំនួន នៅក្រុងសៀមរាប បានបន្ដបិទខ្ទប់មិនចេញចូល ព្រមទាំងផ្អាកការលក់ដូរគ្រឿងស្រវឹងបណ្ណោះអាសន្ន ខណៈដែលអាជ្ញាធរខេត្ដនេះ បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន១៥នាក់បន្ថែមទៀត កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២១នេះ។
សេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដសៀមរាប ចេញផ្សាយកាលពីថ្ងៃទី២៩ខែមេសានេះ បានបង្ហាញថា អ្នកឆ្លងកូវីដ១៩ចំនួន១៣ជាធ្វើដំណើរមកពីខេត្ដផ្សេង រួមមាន រាជធានីភ្នំពេញ ខេត្ដកំពង់ធំ និងខេត្ដព្រះសីហនុ និង២នាក់ជាអ្នកឆ្លងនៅក្នុងសហគមន៍នៃខេត្ដសៀមរាប។បច្ចុប្បន្ន ក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថា មានផ្ទុកជំងឺកូវីដ-១៩ នៅក្នុងខេត្តសៀមរាប កំពុងកំណត់មុខសញ្ញាអ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលជាមួយអ្នកវិជ្ជមានជំងឺកូវីដ ១៩ ទាំង១៥រូបខាងលើ។ លិខិតដដែល បានបន្ដថា គណៈបញ្ជាការ ឯកភាពរដ្ឋបាលខេត្ត នឹងដាក់ចេញនូវវិធានការទប់ស្កាត់នៃការឆ្លងរាលជំងឺកូវីដ-១៩ ជាជំហានៗ ទៅតាម លទ្ធផលនៃការស្រាវជ្រាវ នឹងទទួលបានជាបន្តបន្ទាប់ ហើយរដ្ឋបាលខេត្ត នឹងចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ជូននាពេលខាងមុខ។
ក្នុងសេចក្ដីបប្រកាសព័ត៌មានដដែល ក៏អំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តសៀមរាប បង្កើនការប្រុងប្រយ័ត្នខ្ពស់ ចូលរួមអនុវត្តវិធានការការពារ ការពារ ៣កុំ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាត សុវត្ថិភាព ជាពិសេសត្រូវអនុវត្តវិធានការរដ្ឋបាល និងវិធានការចត្តាឡីស័ក។ បុគ្គលទាំងឡាយណាល្មើសនឹង វិធានការនេះ នឹងប្រឈមទទួលការផ្តន្ទាទោសពិន័យអន្តរការណ៍ ឬដាក់ពន្ធនាគារ ដោយអនុលោមតាមខ្លឹមសារ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ជាមួយគ្នានោះដែរ ក្នុងបរិបទនៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈនេះ អាជ្ញាធរខេត្ដសៀមរាប ក៏បានបន្ដផ្អាកជាបណ្ដោះអាសន្ន នូវការលក់គ្រឿងស្រវឹងគ្រប់ប្រភេទក្នុងភូមិសាស្ត្រខេត្តសៀមរាប រយៈពេល២សប្តាហ៍ ចាប់ពីថ្ងៃទី២៩ ខែមេសា រហូតដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ ក្នុងគោលបំណងធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋ សុខភាពសាធារណៈ និង សណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងអនុលោមទៅតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន កូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និងលិខិតបទដ្ឋានគតិយុត្ត ជាធរមាន រដ្ឋបាលខេត្តសៀមរាប។ លិខិតក៏បានហាមឃាត់រាល់ការជួបជុំប្រមូលផ្តុំគ្នាពីគេហដ្ឋានមួយទៅគេហដ្ឋាន ឬទីកន្លែងផ្សេងៗ ដើម្បីពិសារគ្រឿង ស្រវឹង និងការចាក់ឧបករណ៍បំពងសំឡេងការច្រៀង រាំកម្សាន្ត ត្រូវហាមជាដាច់ខាតផងដែរ។ក្នុងករណីបុគ្គលណា ឬម្ចាស់ ឬអ្នកគ្រប់គ្រងក្រុមហ៊ុន សហគ្រាស ដេប៉ូចែកចាយ សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន ផ្សាររដ្ឋ-ឯកជន ផ្សារទំនើប ផ្សារម៉ត ហាងលក់កសត្វ តូបអាហារ ហាងកាហ្វេ អាជីវកម្មដ្ឋាន សេវាកម្មដ្ឋាន និងកន្លែងលក់ទំនិញគ្រប់ប្រភេទ បងប្អូន អាជីវករ ប្រជាពលរដ្ឋ និងសាធារណជន មិនអនុវត្តតាមការណែនាំខាងលើ អាជ្ញាធរមាន សមត្ថកិច្ចនឹងចាត់វិធានការស្របតាមនីតិវិធីច្បាប់ និងលិខិតបទដ្ឋាន់គតិយុត្តជាធរមាន។
សូមជម្រាបថា ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ខេត្តសៀមរាប បានរកឃើញអ្នកជំងឺកូវីដ១៩កើនឡើងដល់ចំនួន៣៦នាក់ក្នុងនោះ ១២នាក់ បានព្យាបាលជាសះស្បើយ និងមួយចំនួនទៀតកំពុងសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ដសៀមរាប ៕
អត្ថបទ ៖ សាវី



