ប្រណាំងកង់៖ អ្នកនាំមុខគេក្នុងព្រឹត្តិការណ៍ប្រណាំងកង់ភ្នំ Cape Epic Race ត្រូវកាត់បន្ថយការនាំមុខមកត្រឹម ១នាទីក្រោយដំណាក់កាលទី៤ ប្រណាំងយកថេរវេលាផ្ទាល់ខ្លួន។ ដំណាក់កាលទី៤ នេះមានចំងាយផ្លូវត្រឹម ៤៧គីឡូម៉ែត្រ និងមានចំនុចឡើងភ្នំត្រឹម ៨៧៥ម៉ែត្រប៉ុណ្ណោះ ខណៈដែលអ្នកនាំមុខគេដៃគូកីឡាករស្វីសទាំងពីរ Nino Schurter និង Andri Frischknecht មកពីក្រុម SCOTT បញ្ចប់ត្រឹមលេខ៣។
យោងតាមលទ្ធផលនេះ កីឡាករទាំងពីរត្រូវកាត់បន្ថយការនាំមុខមកត្រឹម ១នាទី ១១វិនាទី ពីលើអ្នកលេខ២ កីឡាករអាល្លឺម៉ង់ទាំងពីរ Georg Egger និង Lukas Baum។ សម្រាប់អ្នកឈ្នះដំណាក់កាលទី៤ នេះគឺ Matthew Beers និង Christopher Blevins។ ងាកមកការប្រកួតផ្នែកនារីវិញ ដៃគូកីឡាការិនីអាហ្វ្រិកខាងត្បូងទាំងពីរ Amy Wakefield និង Candice Lill បានត្រឹមលេខ២ ក្នុងដំណាក់កាលតែបន្តនាំមុខគេដដែល។ ជ័យជំនះក្នុងដំណាក់កាលបានទៅកីឡាការិនី Kim Le Court និង Vera Looser។ សម្រាប់ដំណាក់កាលទី៥ ថ្ងៃសុក្រនេះមានចំងាយផ្លូវ ១០២គីឡូម៉ែត្រ៕
អត្ថបទ៖នាង សុភាវុធ