អឺរ៉ុប៖ ប្រទេសហូឡង់ និងន័រវេសបានចូលរួមក្នុងបញ្ជីប្រទេសដែលកំពុងកើនឡើង ដែលថ្មីៗនេះបានចេញបទបញ្ជាដាក់បម្រាមលើការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍ដែលចេញដោយរដ្ឋាភិបាល ដោយសារការកើនឡើងការព្រួយបារម្ភចំពោះឯកជនភាព និងសុវត្ថិភាពរបស់កម្មវិធីនេះ។

ក្រសួងមហាផ្ទៃរបស់ប្រទេសហូឡង់បាននិយាយកាលពីថ្ងៃអង្គារថា ក្រសួងបានផ្អាកការប្រើប្រាស់កម្មវិធីទាំងអស់ពីបណ្តាប្រទេស ដែលមានកម្មវិធីអ៊ីនធឺណិតដែលបង្កហេតុអាក្រក់ ដាក់គោលដៅមកលើផលប្រយោជន៍របស់ប្រទេសហូឡង់ នៅលើទូរស័ព្ទដែលចែកចាយដោយរដ្ឋាភិបាល។ សេចក្ដីថ្លែងការណ៍នេះមិនបានបញ្ជាក់ពីកម្មវិធី TikTok ចំឈ្មោះនោះទេ ប៉ុន្តែការណែនាំនេះធ្វើឡើង បន្ទាប់ពីការវាយតម្លៃដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ AIVD ដែលបានព្រមានថា កម្មវិធីមកពីប្រទេសមួយចំនួនដូចជាចិន រុស្ស៊ី កូរ៉េខាងជើង និងអ៊ីរ៉ង់មានហានិភ័យខ្ពស់នៃចារកម្ម។ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ន័រវេសបានផ្តល់ការណែនាំកាលពីថ្ងៃអង្គារថា បុគ្គលិករដ្ឋាភិបាលត្រូវជៀសវាងការប្រើប្រាស់កម្មវិធី TikTok នៅលើឧបករណ៍ការងាររបស់ពួកគេ។ ថ្មីៗនេះ សហភាពអឺរ៉ុប សហរដ្ឋអាមេរិក ដាណឺម៉ាក បែលហ្សិក និងកាណាដាក៏បានចេញបទបញ្ជាហាមឃាត់ការប្រើប្រាស់កម្មវិធី TikTok ផងដែរ។
អ្នកជំនាញបារម្ភថា ព័ត៌មានរសើបអាចត្រូវបានបង្ហាញនៅពេលដែលកម្មវិធីនេះត្រូវបានទាញយក ជាពិសេសនៅលើឧបករណ៍រដ្ឋាភិបាល។ វេទិកាចែករំលែកវីដេអូដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចិន Bytedance មានយូរមកហើយដែលថា កម្មវិធីនេះមិនចែករំលែកទិន្នន័យរបស់អ្នកប្រើប្រាស់ជាមួយរដ្ឋាភិបាលចិន ហើយវាដំណើរការដោយឯករាជ្យ។ សហរដ្ឋអាមេរិកក្នុងខែនេះបាននិយាយថា ទីភ្នាក់ងាររដ្ឋាភិបាលមានពេល ៣០ថ្ងៃដើម្បីលុបកម្មវិធី TikTok ចេញពីឧបករណ៍ និងប្រព័ន្ធសហព័ន្ធជុំវិញបញ្ហាសុវត្ថិភាពទិន្នន័យ។ ទោះបីជាសមាជិកសភាអាមេរិកមួយចំនួនកំពុងតស៊ូមតិលើការហាមឃាត់ទាំងស្រុងក៏ដោយ។ ជាងពាក់កណ្តាលនៃរដ្ឋចំនួន ៥០ របស់សហរដ្ឋអាមេរិកបានហាមឃាត់កម្មវិធីនេះពីឧបករណ៍រដ្ឋាភិបាល៕
អត្ថបទ៖ ប៊ុនថន