ភ្នំពេញ៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិ នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមីនា និងនៅប្រទេសអារ៉ាប់អេហ្ស៊ីប ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ការបំពេញទស្សនកិច្ចនេះ តបតាមការអញ្ជើញ របស់ឯកឧត្តម Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ នៃប្រទេសម៉ារ៉ុក និងឯកឧត្តម Sameh SHOUKRY រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋ អារ៉ាប់អេហ្ស៊ីប។
តាមការគ្រោងទុក ឯកឧត្តមឧបនាយករដ្ឋមន្រ្តី នឹងមានជំនួបទ្វេភាគីជាមួយឯកឧត្តម Nasser BOURITA ដើម្បីពិភាក្សាអំពីការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ារ៉ុក លើវិស័យផ្សេងៗ រួមមាន វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ កសិកម្ម និងអប់រំ ក៏ដូចជា បញ្ហាតំបន់ និងអន្តរជាតិ ដែលជាប្រយោជន៍ និងក្តីបារម្ភរួម។
បន្ទាប់ពីជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង រួមមានកិច្ចព្រមព្រៀងស្ដីពីសេវាដឹក ជញ្ជូនតាមផ្លូវអាកាស ដើម្បីជំរុញការផ្លាស់ប្តូរទេសចរណ៍ ធុរកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ។
ក្នុងអំឡុងពេលទស្សនកិច្ចផ្លូវការនៅប្រទេសអេហ្ស៊ីប ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងជួបពិភាក្សាការងារជាមួយឯកឧត្តម Sameh_SHOUKRY ដើម្បីពិនិត្យឡើងវិញលើកិច្ចសហ ប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ និងពិភាក្សាអំពីការវិវត្តនៃស្ថានភាពក្នុងតំបន់ និងអន្តរជាតិ សំខាន់ៗ។
នៅប្រទេសអេហ្ស៊ីប ភាគីទាំងពីរគ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុស្សរណៈ យោគយល់គ្នាមួយចំនួន ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ ការសិក្សាការទូត និង កិច្ចការកុងស៊ុល។
គោលបំណងនៃដំណើរទស្សនកិច្ចរបស់ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ទៅកាន់ប្រទេសម៉ារ៉ុក និងអេហ្ស៊ីបនាពេលខាងមុខនេះ គឺដើម្បីពង្រឹង និងពង្រីកបន្ថែមទៀតនូវចំណង និងកិច្ចសហ ប្រតិបត្តិការជាប្រពៃណីដែលមានស្រាប់ រវាងកម្ពុជា ជាមួយបណ្តាប្រទេសទាំងពីរនៅទ្វីបអាហ្វ្រិក៕


