ចិន៖ រដ្ឋាភិបាលចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣មីនាថា ខ្លួននឹងប្រឆាំងរាល់ផែនការដែលអាចកើតមានណាមួយរបស់សហរដ្ឋអាមេរិក បង្ខំឲ្យម្ចាស់ក្រុមហ៊ុនបណ្ដាញសង្គម TikTok របស់ចិនឲ្យលក់បណ្ដាញផ្ដល់សេវាវីដេអូខ្លីៗ ជាការប្រឈមផ្នែកសន្តិសុខ និងបានព្រមានថា ចំណាត់ការបែបនេះនឹងប៉ះពាល់ទំនុកចិត្តរបស់វិនិយោគិននៅសហរដ្ឋអាមេរិក។
រដ្ឋាភិបាលនានាព្រួយបារម្ភថា ម្ចាស់បណ្ដាញសង្គម TikTok គឺក្រុមហ៊ុន DyteDance អាចផ្ដល់ប្រវត្តិរឿងរ៉ាវ ឬទិន្នន័យដទៃទៀតអំពីអ្នកប្រើប្រាស់ទៅឲ្យរដ្ឋាភិបាលចិន ឬជំរុញឧបករណ៍ឃោសនា និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ សារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា ក្រុមអាជ្ញាធរអាមេរិកកំពុងពិចារណាហាមបម្រាមការប្រើប្រាស់បណ្ដាញសង្គម TikTok ប្រសិនបើក្រុមហ៊ុន ByteDance មិនព្រមលក់។
TikTok គឺជាបញ្ហាមួយក្នុងចំណោមបញ្ហាជាច្រើន ដែលជាចំណុចផ្ដោតខ្លាំងនៃជម្លោះរវាងប្រទេសចិន និងរដ្ឋាភិបាលផ្សេងទៀតជុំវិញបច្ចេកវិទ្យា និងសន្តិសុខ ដែលរំខានដល់ដំណើរការផលិតបន្ទះអេឡិចត្រូនិក ស្មាតហ្វូន និងឧស្សាហកម្មផ្សេងទៀត។ សភារបស់សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងនូវែលសេឡង់បានហាមឃាត់ការប្រើប្រាស់ TikTok នៅលើទូរស័ព្ទដៃដែលចេញដោយរដ្ឋាភិបាល។ ឥណ្ឌាបានហាមប្រាមកម្មវិធី TikTok និងកម្មវិធីរាប់សិបផ្សេងទៀតរបស់ចិន រួមទាំង WeChat ដោយហេតុផលសុវត្ថិភាព និងឯកជនភាព៕
អត្ថបទ៖ សុខមាន