អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានទៅពិនិត្យស្ថានការណ៍នៅតំបន់ Kherson ភាគខាងត្បូង ជាទីដែលលោកបានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្នុងមូលដ្ឋាន ហើយបានសន្យាថានឹងស្តារអ្វីៗទាំងអស់ឡើងវិញ បន្ទាប់ពីការលុកលុយរបស់រុស្ស៊ី។

ដំណើរទៅកាន់តំបន់ដែលអ៊ុយក្រែនបានវាយលុកដោយជោគជ័យ ប្រឆាំងនឹងកងកម្លាំងកាន់កាប់របស់រុស្ស៊ីកាលពីចុងឆ្នាំមុន គឺជាលើកទី២ របស់លោកនៅខាងក្រៅទីក្រុង Kyiv នៅសប្តាហ៍នេះ។ កាលពីថ្ងៃពុធ លោកបានទៅសួរសុខទុក្ខទាហាននៅជិតក្រុង Bakhmut ភាគខាងកើត។ លោក Zelenskyy បានសរសេរនៅលើកម្មវិធី Telegram ក្រោមរូបភាពនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់តំបន់ Kherson ថា ខ្ញុំបាននិយាយជាមួយអ្នកស្រុកអំពីបញ្ហា និងតម្រូវការបច្ចុប្បន្នរបស់ពួកគេ។
ការវាយបករបស់អ៊ុយក្រែនកាលពីឆ្នាំមុន បានរុញច្រានកងទ័ពរុស្ស៊ីឲ្យចាកចេញពីតំបន់ទីក្រុង Kherson ប៉ុន្មានខែក្រោយការចូលគ្រប់គ្រង។ ពេលនេះកម្មករនៅក្នុងតំបន់នេះកំពុងមមាញឹកតភ្ជាប់បណ្ដាញថាមពល និងទឹកឡើងវិញ។ លោក Zelensky បានសរសេរនៅក្នុងសារបង្ហោះដាច់ដោយឡែក ដោយបង្ហាញពីរូបលោកកំពុងត្រួតពិនិត្យថាមពល និងហេដ្ឋារចនាសម្ព័ន្ធថា យើងត្រូវតែធានាការស្ដារឡើងវិញឲ្យបានពេញលេញ និងការការពារវិស័យថាមពលរដ្ឋយើង៕
អត្ថបទ៖ សុខមាន