ភ្នំពេញ៖ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឲ្យលោក Edgar Doerig (អេដហ្គា ដូរីន) តំណាងអង្គការ OIF ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិកថ្មី ចូលជួបពិភាក្សាការងារស្តីពីការប្រើប្រាស់ភាសាបារាំងក្នុងប្រទេសកម្ពុជា។
ក្នុងជំនួបទ្វេរភាគីនេះ លោក Edgar Doerig (អេដហ្គា ដូរីន) បានរំលឹកពីកិច្ចការមួយចំនួនដែលបានធ្វើជាមួយគ្នានាពេលកន្លងមក ក្នុងនាមជាប្រទេសដែលប្រើប្រាស់ភាសាបារាំង។ ដោយសារប្រទេសកម្ពុជា ជាប្រទេសមួយដែលឋិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលប្រើប្រាស់ភាសាបារាំង ហើយក៏មានប្រទេសឡាវ និងប្រទេសវៀតណាមផងដែរ។
លោក បានកត់សម្គាល់ឃើញថា ពាក់ព័ន្ធនឹងការប្រើប្រាស់ភាសាបារាំង នៅក្នុងប្រទេសកម្ពុជា រួមមាន៖ ភ្ញៀវទេសចរ និងគម្រោងផ្សេងៗទៀត ដែលបានលើកកម្ពស់ក្នុងការប្រើប្រាស់បារាំង។
ជាការឆ្លើយតបលោកជំទាវ រដ្ឋមន្រី្ត បានជម្រាបជូនថា តាំងពីដើម និងរហូតមកដល់បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់ភាសាបារាំង នៅតែមានប្រើប្រាស់ច្រើនជាធម្មតា ក្នុងនោះមានស្រទាប់យុវវ័យ ជាពិសេសនៅតាមគ្រឹះស្ថានសិក្សារដ្ឋនានា មានដូចជា៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល និងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ កំពុងប្រើប្រាស់ភាសាបារាំង មិនត្រឹមតែប្រើប្រាស់ភាសាបារាំងនោះទេ គឺមានគម្រោងមួយចំនួន បានមកធ្វើការក្នុងប្រទេសកម្ពុជាផងដែរ។ និយាយដោយឡែកសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានគម្រោងមួយ គឺមនុស្សសាស្រ្តា ដែលអប់រំជាភាសាបារាំង ហើយគម្រោងមួយនេះ មិនត្រឹមតែមាននិសិ្សតកម្ពុជា ចូលរួមសិក្សានោះទេ គឺមាននិសិ្សតមកពីប្រទេសឡាវ និងប្រទេសវៀតណាម ចូលរួមសិក្សាក្នុងកម្មវិធីនេះផងដែរ។ ហើយកម្មវីធីមនុស្សសាស្រ្តា គឺផ្តោតសំខាន់ទៅលើការអប់រំផ្នែកសិល្បៈ។ ដូច្នេះការប្រើប្រាស់ភាសាបារាំងនៅក្នុងសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ របស់យើង មានលើផ្នែកស្ថាបត្យកម្ម និងបុរាណវិទ្យា ជាដើម។ មួយវិញទៀត រាជរដ្ឋាភិបាលបារាំង បានជួយកម្ពុជា តាមរយៈដៃគូដូចជា FFEO(អេហ្វ ហ្វេអូ) និងការងារសិក្សាស្រាវជ្រាវច្រើន ទាក់ទងនឹងការថែទាំគាំពារអភិរក្សសំណង់បុរាណ និងតាមរយៈICC Angkor ដូចគ្នា ដែលមានសហប្រធានចំនួនពីរ គឺបារាំង និងជប៉ុន ក្នុងនោះឯកសារដែលប្រើប្រាស់នៅក្នុងICC Angkor មួយចំនួន គឺប្រើប្រាស់ជាភាសាបារាំង និងភាសាអង់គ្លេស។
តាមរយៈភស្តុតាងទាំងអស់នេះ សបញ្ជាក់ឲ្យឃើញថា ភាសាបារាំង នៅតែត្រូវបានប្រើប្រាស់ច្រើន នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕អត្ថបទ៖ រដ្ឋា






