ថៃ៖ គណៈកម្មាធិការជាតិអូឡាំពិកថៃ និងមូលនិធិជាតិអភិវឌ្ឍន៍កីឡាបានយល់ព្រមចំណាយ ១៥៦លានបាត លើការបញ្ជូនអត្តពលិកថៃទៅចូលរួមព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ឆ្នាំ២០២៣ និង Asian Para Games នៅរាជធានីភ្នំពេញក្នុងខែឧសភាខាងមុខ។

មន្ត្រីនៃទីភ្នាក់ងារទាំង២ បានសម្រេចលើចំនួននេះក្នុងកិច្ចប្រជុំមួយកាលពីដើមខែមីនា។ ឧបនាយករដ្ឋមន្ត្រី Prawit Wongsuwan ដែលជាប្រធានមូលនិធិអភិវឌ្ឍន៍កីឡាជាតិ បានអនុម័តចំនួនទឹកប្រាក់ក្នុងអំឡុងពេលកិច្ចប្រជុំនេះ ហើយបានណែនាំដល់អាជ្ញាធរកីឡាថៃ ឱ្យត្រួតពិនិត្យការចែកចាយរបស់ខ្លួនដល់អត្តពលិកថៃ។ អាជ្ញាធរកីឡាថៃរំពឹងថា អត្តពលិកថៃនឹងឈ្នះមេដាយមាសចំនួន ១៦៤ ក្នុងចំណោមមេដាយមាសសរុបចំនួន ៥៨៣ លើ ៣៦ប្រភេទកីឡា។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ជាប្រវត្តិសាស្ត្រលើកដំបូងដែលរៀបចំនៅលើទឹកដីកម្ពុជានឹងចាប់ផ្តើមពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភាខាងមុខដែលនឹងមានអត្តពលិកចូលរួមសរុបជាង ១ម៉ឺននាក់។ ព្រឹត្តិការណ៍ Asean Para Games ឆ្នាំ២០២៣ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣-៩ ខែមិថុនា រួមមានកីឡាចំនួន ១៣ប្រភេទកីឡា៕
អត្ថបទ៖នាង សុភាវុធ