អេស្ប៉ាញ៖ ប្រជាជនមួយចំនួននៅក្នុងភូមិនានានៅក្បែរតំបន់ភ្លើងឆេះព្រៃ Villanueva de Viver ប្រទេសអេស្ប៉ាញ កាលពីថ្ងៃព្រហស្បតិ៍បានសម្រេចចិត្តចាកចេញ មុនពេលទទួលបានបទបញ្ជាផ្លូវការ ខណៈពួកគេព្រួយបារម្ភអំពីការជម្លៀសខ្លួនចេញ ពេញមួយយប់នៅលើផ្លូវតូចចង្អៀតនៅលើជ្រលងភ្នំ។

ប្រជាជនផ្សេងទៀតត្រូវបានបង្ខំឱ្យជម្លៀសខ្លួនចេញ ខណៈភ្លើងបានឆាបឆេះរាលដាលនៅចន្លោះតំបន់ Aragon និងតំបន់ Valencia ហើយបានខិតកាន់តែជិតលំនៅឋាន។ អង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា ពួកគេបានបង្កើតទីជម្រកសម្រាប់មនុស្ស ៦០០នាក់ និងមន្ទីរពេទ្យតំបន់មួយ។ ប្រជាជនក្នុងតំបន់មួយចំនួនបានបន្ទោសការខ្វះការការពារ ជាមូលហេតុនៃមហន្តរាយបរិស្ថាន។ ពលរដ្ឋម្នាក់បាននិយាយមុនពេលចាកចេញពីភូមិរបស់ខ្លួនក្នុងតំបន់ Aragon ថា នេះជាមូលហេតុដែលព្រៃឈើត្រូវបានគេបោះបង់ចោល ហើយវាជារឿងគួរឲ្យអាម៉ាស់។
ក្រុមអ្នកពន្លត់អគ្គិភ័យត្រូវបានជូនដំណឹង អំពីចំហេះព្រៃដ៏សន្ធោសន្ធៅនេះនៅជិតភូមិ Villanueva de Viver ក្នុងតំបន់ Valencia នៅមុនម៉ោង ១រសៀលម៉ោងក្នុងតំបន់។ អង្គភាពសេវាសង្គ្រោះបន្ទាន់បាននិយាយថា ភ្លើងបានឆេះរាលដាលលើផ្ទៃដីជាង ១,០០០ហិកតា។ យន្តហោះប្រមាណ ១៥គ្រឿងត្រូវបានប្រើប្រាស់ដើម្បីពន្លត់អណ្តាតភ្លើង ដែលបានបង្ខំឱ្យមានការជម្លៀសអ្នកភូមិ។ ប្រព័ន្ធផ្សព្វផ្សាយ Cadena Ser បានរាយការណ៍ថា ប្រជាជនជាង ១,០០០នាក់ត្រូវបានបង្ខំឱ្យចាកចេញពីលំនៅឋានរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន