ភ្នំពេញ ៖ ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត អគ្គលេខាធិការ និងជាប្រធានក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានអញ្ជើញជាអធិបតី បើកកិច្ចប្រជុំក្រុមប្រឹក្សាបច្ចេកទេសអាជ្ញាធរជាតិប្រយុទ្ធ នឹងជំងឺអេដស៍ លើកទី៣ តាមរយៈការចូលរួមផ្ទាល់ និងតាមអនឡាញ ដោយមានការចូលរួម ពីសមាជិក សមាជិកា នៃកិច្ចប្រជុំ ប្រមាណ៧០រូប ពីបណ្តា ក្រសួង ស្ថាប័ន រាជធានី-ខេត្ត។
ជាកិច្ចចាប់ផ្តើម ឯកឧត្តម បណ្ឌិត អគ្គលេខាធិការ បានថ្លែងអំណរគុណដល់តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងអ្នកចូលរួមទាំងអស់មានវត្តមានក្នុងកិច្ចប្រជុំ ដោយពិភាក្សាលើប្រធានបទ មួយចំនួន ទាក់ទងនឹងគោលការណ៍ នីតិវិធី និងការអនុវត្តថវិកានៅគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍តាមរាជធានី ខេត្ត តាម ប្រកាសលេខ៥៥៨សហវ.អហក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្តីពីវិធាន និងនីតិវិធីចំណាយសម្រាប់រៀបចំវគ្គបណ្តុះបណ្តាល សិក្ខាសាលា និងកិច្ចប្រជុំ សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ។
និងប្រកាសលេខ៥៥៩ សហវ.ប្រក ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ស្តីពីវិធាន និងនីតិវិធីចំណាយបេសកកម្មនៅក្នុង និងក្រៅប្រទេស សម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ។ កិច្ច ប្រជុំក៏មានការផ្តល់ធាតុចូល រួម នឹង បទបង្ហាញ ផ្នែកជំនាញ របស់ ក្រសួង សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដឹកនាំបង្ហាញជូនដោយ ឯកឧត្តម សារឿន សុកុល អគ្គនាយករងនៃអគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម បណ្ឌិត ឈឹម ឃិនដារ៉េត បានលើកឡើងទៀតថា គោលបំណងសំខាន់ នៃកិច្ចប្រជុំនេះ គឺស្វែងរកធាតុចូល បញ្ហាប្រឈម ដំណោះស្រាយ រួមនឹងវិធាន និងនីតិវិធី ក្នុង ការជំរុញ និងប្រើប្រាស់ថវិកា ៨០លានរៀល, ៦០លានរៀល និង៤០លានរៀល ចំពោះរដ្ឋបាល ថ្នាក់ក្រោមជាតិ ដើម្បី ធានា ចីរភាពនៃការ ឆ្លើយតបកម្មវិធីអេដស៍ តាមបណ្តារាជធានី ខេត្ត ទាំង ២៥ ឲ្យមាន ប្រសិទ្ធភាព និងទាន់ពេលវេលា៕ អត្ថបទ ៖ រដ្ឋា







