
អន្ដរជាតិ៖ ក្រុមមន្រ្ដីមូលដ្ឋានបាននិយាយនៅថ្ងៃសុក្រនេះថា មីស៊ីលរបស់រុស្ស៊ី បានវាយប្រហារចំណុចការពារដ៏រឹងមាំមួយកន្លែង ដែលបង្កើតឡើងសំរាប់ផ្ដល់ជម្រកឲ្យជនស៊ីវិលអ៊ុយក្រែន ដែលបណ្ដាលឲ្យស្រ្ដីយ៉ាងហោចណាស់ ០៣នាក់ បាត់បង់ជីវិត។
វីដេអូមួយដែលផ្សព្វផ្សាយដោយនគរបាលតំបន់ Donetsk បានបង្ហាញក្រុមសង្រ្គោះកំពុងជួយបុរសម្នាក់នៅលើគំនរបាក់បែកនៃអគារដែលរងការខូចខាតនោះ។
មន្រ្ដីនគបាលតំបន់ Donetsk លោកឌីមីត្រូ គើឌីយ៉ាគីន បាននិយាយថាបុរសពីរនាក់ ត្រូវបានជួយសង្រ្គោះចេញពីកម្ទេចថ្ម។ សារព័ត៌មាន Reuters មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យពីកាលបរិច្ឆេទវិដេអូ ដែលត្រូវថតពីហេតុការណ៍នេះទេ។
មន្រ្ដីមូលដ្ឋាន បាននិយាយថាជនស៊ីវិល ០៤នាក់ទៀត ក៏ត្រូវបានសម្លាប់ផងដែរនៅពេលយប់។ ការិយាល័យរបស់ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy បាននិយាយថា អ្នកស្លាប់រួមមានប្រជាជន ០២នាក់ ដែលបានស្លាប់ក្នុងការបាញ់ផ្លោងដ៏សន្ធាប់របស់រុស្ស៊ីនៅក្នុងតំបន់ស៊ូមមី ភាគខាងជើងអ៊ុយក្រែន។
ដោយឡែកចំណុចការពារដែលទទួលរងការវាយប្រហានៅពេលយប់នេះ ស្ថិតក្នុងក្រុងកូស្ទីនទីនីវកា ក្នុងតំបន់ Donetsk ភាគខាងកើត ជាជម្រកមួយក្នុងចំណោមជម្រកជាច្រើន ដែលបង្កើតឡើងដោយអជ្ញាធរនៅទូទាំងប្រទេសអ៊ុយក្រែន ដើម្បីផ្ដល់ចរន្ដអគ្គីសនី កម្ដៅ ទឹក ហើយនិងសេវាមូលដ្ឋានដទៃទៀត៕ អត្ថបទ: មករា