អេស្ប៉ាញ ៖ នៅមុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ខ្លួនទៅក្រុងប៉េកាំង នៅសប្ដាហ៏ក្រោយ នាយករដ្ឋមន្រ្ដីអេស្ប៉ាញលោក ផេដ្រូ សាន់ឆេស បាននិយាយនៅថ្ងៃសុក្រនេះថា ពិភពលោកគួរតែស្ដាប់សំឡេងរបស់ប្រទេសចិនផង ដើម្បីស្វែងរកផ្លូវមួយបញ្ឈប់សង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។
លោកសាន់ឆេស បានប្រាប់សន្និសីទសារព័ត៌មានក្នុងក្រុងព្រុចសែល បន្ទាប់ពីកិច្ចប្រជុំរបស់ក្រុមប្រឹក្សាអឺរ៉ុបមកថា ចិនគឺជាតួអង្គពិភពលោកមួយ ដូច្នេះយើងត្រូវស្ដាប់សំឡេងងរបស់គេ ដើម្បីមើលឃើញថា តើរវាងយើងទាំងអស់គ្នានេះ អាចបញ្ចប់សង្រ្គាមនេះបានទេ ហើយអ៊ុយក្រែន អាចស្ដារនូវបូរណភាពដែនដីរបស់ខ្លួនបានឡើងវិញដែរឬទេ?
លោកគ្រោងនឹងធ្វើទស្សនកិច្ចទៅរដ្ឋធានីរបស់ប្រទេសចិន នៅថ្ងៃទី៣១មិនា ដើម្បីពិភគ្សាជាមួយប្រធានាធិបតីស៊ី ជិនពីង។
ជំនួបរវាងមេដឹកនាំទាំងពីរត្រូវគេរំពឹងថា ភាគច្រើនផ្តោតទៅលើជម្លោះ នៅតែបន្ដនៅក្នុងប្រទេសអ៊ុយក្រែន ដែលចិនបានហៅខ្លួនឯងថា ជាអ្នកមិនលំអៀង និងបានដាក់ចេញនូវផែនការសន្ដិភាព១២ចំណុច ខណៈដែលខ្លួនអំពាវនាវឲ្យមានបទឈប់បាញ់ជាមូលដ្ឋាននោះ។
លោកសាន់ឆេស បានគាំទ្រជាចំហផងដែរនូវសំណើសន្ដិភាពរបស់លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelenskyy ដែលរួមទាំងការទាមទារឲ្យស្ដារទឹកដីអ៊ុយក្រែនមកវិញត្រឹមស្ថានភាពមុនការដាក់បញ្ចូលក្នុងឧបសម្ព័ននូវតំបន់គ្រីម៉េក្នុងឆ្នាំ២០១៤របស់រុស្ស៊ី។
