ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក នៅរសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ បានទទួលជួបសំណេះសំណាល និងពិភាក្សាការងារតាមទូរស័ព្ទជាមួយនាយឧត្តមសេនីយ៍ យុស៊ីដា យុស៊ីហ៊ីដេ មេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន។
កិច្ចសន្ទនានោះ មេបញ្ជាការកងទ័ពជើងគោកជប៉ុន បានសម្តែងការអបអរសាទរចំពោះលោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រ ត្រាស់បង្កាប់ជា« នាយឧត្តមសេនីយ៍»។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណចំពោះមេបញ្ជាការកងស្វ័យការពារជើងគោកជប៉ុន ដែលតែងបានផ្តល់តម្លៃ និងសារៈសំខាន់ប្រកបដោយមនោសញ្ចេតនាស្និទ្ធស្នាល ចំពោះចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងរវាងកងទ័ពជើងគោកនៃប្រទេសទាំងពីរ ជាពិសេសការប្តេជ្ញាចិត្តរបស់ភាគីមិត្តជប៉ុនក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យបោសម្អាតមីន, ប្រតិបត្តិការជួយសង្គ្រោះគ្រោះមហន្តរាយ និងការបណ្តុះបណ្តាលធនធានមនុស្សជាដើមនោះ។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅក្នុងកិច្ច សន្ទនានោះសមភាគីទាំងពីរបានរំឭកឡើងវិញប្រកបដោយការពេញចិត្តចំពោះវឌ្ឍនភាពរីកចម្រើន គួរជាទីមោទនៈនៃទំនាក់ទំនងក្នុងកម្រិតកងទ័ពជើងគោកក្នុងរយៈកាលកន្លងមកនេះ ជាពិសេសការសម្រេចបាននូវការចុះហត្ថលេខាលើឯកសារលក្ខខណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការ (TOR) រវាងកងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ និងកងស្វ័យការពារជើងគោកជប៉ុន កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២៣ ដែលនេះគឺជាសមិទ្ធផលកេរដំណែលរវាងមេបញ្ជាការកងទ័ពជើងគោកទាំងពីរ។
សមភាគីទាំងពីរ ក៏បានឯកភាពគ្នាបន្តគាំទ្រ និងជំរុញកិច្ចសហប្រតិបត្តិការក្នុងកម្រិតកងទ័ពជើងគោក ឱ្យកាន់តែសកម្ម និងរឹងមាំបន្ថែមទៀត តាមរយៈការប្រឹងប្រែងយកចិត្តទុកដាក់អនុវត្តខ្លឹមសារនៃ TOR ដែលត្រូវបានចុះហត្ថលេខារួចឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ រួមនឹងការបន្តគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខ័ណ្ឌតំបន់ ដើម្បីលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន៕ អត្ថបទ៖ បាន ចក់


