ភ្នំពេញ - ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ (Vince Henderson) រដ្ឋមន្រ្តីការបរទេស ធុរកិច្ចអន្តរជាតិ ពាណិជ្ជកម្ម និងថាមពល នៃប្រទេស កុំមិនវែលដូមីនីក បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនៅព្រះរាជាណា ចក្រកម្ពុជា ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២៣។
ក្នុងកិច្ចប្រជុំទ្វេភាគី នៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីស្តីទី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និង ឯកឧត្តមបណ្ឌិត វីន ហេនដឺសាន់ បានអះអាងអំពីការប្តេជ្ញាចិត្តក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ ក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។
ឯកឧត្តមរដ្ឋមន្ត្រីស្តីទី បានជម្រាបជូនអំពីស្ថានភាពនយោបាយ និងសេដ្ឋកិច្ច រួមទាំងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការសម្រេចនិងរក្សាបាននូវសន្តិភាពនិងស្ថិរភាពដែលរកបានយ៉ាងលំបាក លិទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ ឯកឧត្តមក៏បានជម្រាបជូនផងដែរ នូវមុខទំនិញសក្តានុពលមួយចំនួនសម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ក៏ដូចជាការលើកទឹកចិត្តជាច្រើន សម្រាប់វិនិយោគិន នៅក្រោមច្បាប់វិនិយោគថ្មីរបស់កម្ពុជា ៕


