ឥណ្ឌា៖ ប្រធានប្រតិបត្តិឧស្សាហកម្មជាន់ខ្ពស់មួយរូប បាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រថា វិបត្តិផ្គត់ផ្គង់អុកស៊ីហ្សែនដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងលែងមាននៅពាក់កណ្តាលខែឧសភាខាងមុខនេះ ស្របពេលដែលទិន្នផលហក់ឡើង ២៥% ហើយហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនត្រៀមរួចរាល់ ដើម្បីដោះស្រាយការកញ្ជ្រោលឡើងករណីឆ្លងជំងឺ COVID-19។

មន្ទីរពេទ្យជាច្រើននៅក្នុងរដ្ឋធានីដែល្លី និងទីក្រុងម៉ុមបៃលែងមានអុកស៊ីហ្សែននៅក្នុងខែនេះ ធ្វើឲ្យសាច់ញាតិអ្នកជំងឺត្រាច់ចរគ្រប់ទីកន្លែង ដើម្បីស្វែងរកធុងអុកស៊ីហ្សែន។ លោក ម៉ូឡូយ បានឺជី មកពីក្រុមហ៊ុន Linde ដែលជាឧស្សាហកម្មផលិតអុកស៊ីហ្សែន ធំបំផុតនៅក្នុងប្រទេសមួយនេះបាននិយាយថា ការប្រើប្រាស់អុកស៊ីហ្សែននៅក្នុងប្រទេសឥណ្ឌា បានកើនឡើងជាង ៨ដងបើប្រៀបធៀបនឹងកម្រិតធម្មតា ពោលគឺត្រូវការប្រហែល ៧.២០០តោនក្នុង ១ថ្ងៃ។
លោកបាននិយាយប្រាប់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ថា ដោយសារចំនួនប្រើប្រាស់ដ៏ច្រើនលើសលប់នេះហើយ ធ្វើឲ្យវិបត្តិអុកស៊ីហ្សែនកើតមានឡើង។ ក្រុមហ៊ុនរបស់លោកគ្រោងនឹងបង្កើនបរិមាណទ្វេដងនូវធុងអុកស៊ីហ្សែន នៅក្នុងបណ្ដាញចែកចាយរបស់ខ្លួនដល់ចំនួនយ៉ាងហោច ១ម៉ឺនធុង ដែលវានឹងធ្វើឲ្យល្អប្រសើរឡើងដល់ការផ្គត់ផ្គង់ ទៅកាន់តំបន់ជនបទដែលមានហេដ្ឋារចនាសម្ព័ន្ធអន់៕
អត្ថបទ៖ សារ៉ាត់