តៃវ៉ាន់ ៖ មេដឹកនាំកោះតៃវ៉ាន់ លោកស្រី Tsai Ing-wen បានចុះសួរសុខទុក្ខកងវិស្វកម្មនៅថ្ងៃសៅរ៍ ទី២៥ ខែមីនានេះ ដើម្បីពិនិត្យមើលការបណ្តុះបណ្តាលរបស់ពួកគេ ដោយនិយាយថា ការការពារលទ្ធិប្រជាធិបតេយ្យ គឺជាបេសកកម្មដ៏អស្ចារ្យរបស់កងកម្លាំងប្រដាប់អាវុធ។ កងទ័ពបានបង្ហាញពីការងារវិស្វកម្មនៅ សមរភូមិ និងការប្រឈមមុខចំពោះការប្រយុទ្ធ។ ដំណើរចុះពិនិត្យនេះ បានធ្វើឡើងមុនដំណើរទស្សនកិច្ចដ៏រសើបនិងគួឲ្យចាប់អារម្មណ៍ធ្វើឡើងដោយលោកស្រី Tsai ទៅកាន់សហរដ្ឋអាមេរិក និងអាមេរិក កណ្តាល។
ភាពតានតឹងផ្នែកយោធារវាងទីក្រុងប៉េកាំង និងទីក្រុងតៃប៉ិ គឺស្ថិតនៅជាចំណុចខ្ពស់បំផុតក្នុងប៉ុន្មានទសវត្សរ៍កន្លងមកនេះ ខណៈប្រទេសចិនព្យាយាមបង្ខំកោះតៃវ៉ាន់ឱ្យទទួលយកការគ្រប់គ្រងរបស់ចិន។ រដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់កោះតៃវ៉ាន់ បានច្រានចោលយ៉ាងដាច់អហង្ការចំពោះការទាមទារអធិបតេយ្យភាពរបស់ចិន ដោយនិយាយថាមានតែប្រជាជនរបស់កោះនេះប៉ុណ្ណោះដែលអាចសម្រេចពីអនាគតរបស់ពួកគេ។

