អង់គ្លេស ៖ ខណៈលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានធ្វើដំណើរតាមបណ្តោយផ្លូវនៅឯវិមាននាយករដ្ឋមន្ត្រី Downing Street ឆ្ពោះទៅរកពិធីស្វាគមន៍ដ៏កក់ក្តៅពីលោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស សំឡេងនៃការតវ៉ាដ៏តានតឹងនឹងស្តាប់ឮនៅក្នុងត្រចៀករបស់លោក។ វាគ្មានអ្វីដែលលោកមិនធ្លាប់បានឃើញ និងបានស្តាប់ឮនោះទេ នៅតាមដងផ្លូវនៅប្រទេសរបស់លោកផ្ទាល់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
ប៉ុន្តែវានឹងជាការរំឭកថា បញ្ហាក្នុងស្រុករបស់ប្រទេសអ៊ីស្រាអែលពេលនេះ កំពុងធ្វើតាមនាយករដ្ឋមន្ត្រីដែលមានការប្រឆាំងនៅគ្រប់ទីកន្លែងដែលលោកទៅ។ ទោះជាយ៉ាងណា គ្មានសញ្ញាច្បាស់លាស់ណាមួយដែលថាវាកំពុង បណ្តាលឱ្យជួបការលំបាកក្នុងទំនាក់ទំនងជាមួយចក្រភពអង់គ្លេសនោះទេ។ នៅក្នុងឯកសាររួមមួយដែលបានចុះហត្ថលេខាដោយរដ្ឋមន្ត្រីការបរទេសអង់គ្លេស និងអ៊ីស្រាអែល កាលពីថ្ងៃអង្គារ ភាគីទាំងពីរបាននិយាយថាទំនាក់ទំនងទ្វេភាគីរបស់ពួកគេកាន់តែរឹងមាំ។
ឯកសារដែលគេដឹងថាជាផែនទីបង្ហាញផ្លូវឆ្នាំ ២០៣០ បានឲ្យដឹងថា ក្នុងនាមជាប្រទេសដែលស្រឡាញ់សេរីភាព ពោរពេញដោយនវានុវត្តន៍ និងលទ្ធិប្រជាធិបតេយ្យរីកចម្រើន អ៊ីស្រាអែលនិងចក្រភពអង់គ្លេស មានមោទនភាពចំពោះភាពជាដៃគូដ៏ជ្រាលជ្រៅ និងជាប្រវត្តិសាស្ត្រ ជាមិត្តដ៏រឹងមាំ និងជាសម្ព័ន្ធមិត្តពីធម្មជាតិ។