ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកឌីជីថល ក្នុងវិស័យសាធារណៈនិងឯកជនជាការងារអាទិភាព ដើម្បីកសាង រដ្ឋាភិបាលឌីជីថល សង្គមឌីជីថល និងប្រជាជនឌីជីថល។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ពិធីបើក ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងការបើកសម្ពោធពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍កម្ពុជា អន្តរជាតិលើកទី១ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍នៅកោះពេជ្រ នាព្រឹកថ្ងៃទី២៦មីនានេះ ។
សម្តេចតេជោ បានមានប្រសាសន៍ថា ព្រឹត្តិការណ៍នេះក៏ផ្ដល់ឱកាសដល់ភាគីពាក់ព័ន្ធដើម្បីពិភាក្សាចែករំលែកបទពិសោធន៍ និងឧត្តមានុវត្តន៍អន្តរជាតិព្រមទាំងរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកំពុងកើតឡើងនៅក្នុងតំបន់ និងសកលលោកក៏ដូចជាទិសដៅការងារសម្រាប់អនុវត្តនាពេលខាងមុខ។
សូមបញ្ជាក់ថា ពិព័រណ៍វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍កម្ពុជាអន្តរជាតិលើកទី១ ឆ្នាំ២០២៣ដែលរៀបចំដោយក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យា និងលោកនាអនុវត្តន៍កម្ពុជាជាលើកដំបូងនេះនឹងប្រារព្ធក្នុងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៦រហូតដល់ថ្ងៃទី២៨ខែមីនា នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ៕













