
ជនអន្ដោប្រវេសន៍ជាច្រើននាក់ កាលល្ងាចថ្ងៃសុក្រ បានតម្រង់ជួររងចាំការត្រួតពិនិត្យ បន្ទាប់ពីពួកគេបានឆ្លងចូលក្នុងប្រទេសកាណាដា ដោយចេញពីរដ្ឋញូយ៉កនៅចំណុចឆ្លងកាត់ក្រៅផ្លូវការមួយនៅផ្លូវ Roxham Road(រ៉ុកសាំ រ៉ូត) ខណៈសហរដ្ឋអាមេរិក និងប្រទេសកាណាដា សម្រេចបានកិច្ចព្រមព្រៀងមួយដែលមានគោលបំណងបញ្ឈប់អ្នកស្វែងរកសិទ្ធិជ្រកកោន តាមរយៈឆ្លងចូលព្រំដែនដីគោករួម តាមច្រកឆ្លងកាត់ក្រៅផ្លូវការ។
ជនអន្ដោប្រវេសន៍រាប់សិបនាក់ បានឆ្លងចូលក្នុងខេត្ដកេបិច ប្រទេសកាណាដា ដោយចេញពីក្រុងChamplain (ឆាមផ្លេន)រដ្ឋញូយ៉ក កាលពីថ្ងៃសុក្រ សមត្ថកិច្ចកាណាដា បានបញ្ជាក់ប្រាប់ពួកគេដដែលៗថា អ្នកនឹងត្រូវឃាត់ខ្លួន។
យោងតាមស្ថិតិរបស់រដ្ឋាភិបាលកាណាដា បានឱ្យដឹងថា ចំនួនដ៏ច្រើននៃអ្នកស្វែងរកសិទ្ធិជ្រកកោនមិនទៀងទាត់ កំពុងមកដល់ប្រទេសកាណាដា ដោយឆ្លងកាត់ផ្លូវរ៉ុកសាំ រ៉ូត និងតាមផ្លូវល្បប់តូចៗដែលតភ្ជាប់ពីរដ្ឋញូយ៉ក មកខេត្ដកេបិច។ ពោលគឺជនអន្ដោប្រវេសន៍ជិត ៥.០០០នាក់ កាលពីខែមករា និង៤.៥០០នាក់ កាលពីខែកុម្ភៈ បានឆ្លងចូលក្នុងខេត្ដនេះ ដោយសុវត្ថិភាព។
សហរដ្ឋអាមេរិក និងប្រទេសកាណាដា បានកែប្រែកិច្ចព្រមព្រៀងជនភៀសខ្លួន ដែលមានអាយុកាល២ទសវត្សរ៍ ជាផ្នែកមួយនៃការប៉ុនប៉ងរបស់ពួកគេ ដើម្បីបន្ថយនូវលំហូរដ៏គំហុកនៃអ្នកស្វែងរកសិទ្ធិជ្រកកោន ចូលក្នុងប្រទេសកាណដា តាមច្រកព្រំដែនឆ្លងកាត់ក្រៅផ្លូវការ។
អត្ថបទ៖ មករា