ឯកឧត្តម យឿន យឿត ទីប្រឹក្សាសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព ជាប្រធានក្រុមការងារថ្នាក់កណ្ដាល គណ:កម្មាធិការគណបក្សចុះជួយមូលដ្ឋានគ.៩៨ ខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបង អមដំណើរដោយលោកជំទាវ ស៊ីម សុខុន ជាប្រធានសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពខេត្តបាត់ដំបង ចុះសំណេះសំណាល និងធ្វើយុទ្ធនាការកាត់សក់ជូនប្រជាពលរដ្ឋ យុវជន និងកុមារនៅតាមខ្នងផ្ទះ ជាងមួយរយនាក់ នៅវត្តសំរោងលើ ស្ថិតនៅភូមិព្រៃសិន ឃុំថ្នាលមាន់ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង។
ក្នុងពិធីសំណេះសំណាលនោះ ឯកឧត្តម យឿន យឿត បានរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅឃុំខាងលើនេះ គប្បីនឹកគុណដល់គណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ខណៈគណបក្សប្រជាជនដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឲ្យប្រទេសកម្ពុជាទាំងមូលមានសុខសន្តិ ភាព និងការអភិវឌ្ឍគ្រប់វិស័យ។
ឯកឧត្តម យឿន យឿត បានបន្តថា គណបក្សប្រជាជនកម្ពុជា តាំងពីអតីតកាល បច្ចុប្បន្ន ក៏ដូចជា អនាគត គឺការបម្រើ សង្គ្រោះ កសាង ការពារ និងអភិវឌ្ឍន៍ជាតិ សំដៅធ្វើយ៉ាងណាឱ្យប្រជាជនរស់នៅប្រកបដោយក្តីសុខសាន្ត និងរីកចំរើន ដោយមិនសន្យាខ្យល់ដូចគណបក្សមួយចំនួននោះទេ ហើយជាងនេះទៅទៀត គណបក្សប្រជាជនកម្ពុជាគឺនៅជាមួយបងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ ដោយ មិនរត់ចោលបងប្អូននោះទេ។
យ៉ាងណាក៏ដោយនៅក្នុងឱកាសនោះដែរ ខណៈដែលឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកាន់តែខិតជិតមកដល់នោះ ឯកឧត្តម យឿន យឿត ក៏បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋទាំងអស់គប្បីត្រូវមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ចរាចរណ៍ ដោយធ្វើដំណើរទៅណាមកណាត្រូវគោរពច្បាប់ចរាចរណ៍ឲ្យបានគ្រប់ៗគ្នាផងដែរ៕អត្ថបទ បាន ចក់











