តៃវ៉ាន់៖ រដ្ឋមន្រ្ដីកាបរទេសតៃវ៉ាន់ លោក ចូសេហ្វ វូ បានប្រាប់អ្នកព័ត៌មាននៅថ្ងៃអាទិត្យថា ក្រុងតៃប៉ិ បានផ្ដាច់ជំណងទាក់ទងផ្លូវការដែលមានជាច្រើនទសវត្សមកហើយជាមួយសម្ព័នមិត្ដហុងឌុយរ៉ាស។
ការប្រកាសនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីភាគីប្រទេសហុងឌុយរ៉ាស បានប្រកាសផ្ដាច់ចំណងទាក់ទងជាមួយតៃវ៉ាន់។
ក្រសួងកាបរទេសហុងឌុយរ៉ាស ប្រកាសថា ខ្លួនទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងប្រទេសចិន ហើយបាននិយាយថា តៃវ៉ាន់គ្រាន់តែជាផ្នែកមួយនៃទឹកដីរបស់ចិនប៉ុណ្ណោះ។
សកម្មភាពរបស់ប្រទេសហុងឌុយរ៉ាសនេះ បានធ្វើឡើងតាមការគ្រោងទុក ជាយូមកហើយ បន្ទាប់ពីរដ្ឋមន្រ្ដីកាបរទេសហុងឌុយរ៉ាស បានធ្វើដំណើរទៅប្រទេសចិនកាលពីសប្ដាហ៍មុន ដើម្បីបើកឲ្យមានទំនាក់ទំនងបន្ទាប់ពីប្រធានាធិបតី ស៊ីអូម៉ារ៉ា កាស្រ្ដូ បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី នឹងចាប់ផ្ដើមទំនាក់ទំនងជាមួយក្រុងប៉េកាំងវិញ។
លោកវូ បានបន្ថែមថា រដ្ឋមន្រ្ដីកាបរទេសហុងឌុយរ៉ាស បានសសេរសំបុត្រមកកោះតៃវ៉ាន់កាលពីថ្ងៃទ១៣មីនា មួយថ្ងៃមុនការប្រកាសរបស់លោកស្រីកាស្រ្ដូ ដែលទាមទារទឹកប្រាក់សរុប ចំនួន2.45ពាន់លានដុល្លារ ដែលជាជំនួយ ក្នុងនោះ រួមមាន៖ការសាងសង់ មន្ទីរពេទ្យ និងទំនប់ទឹក ហើយនិងបំណុលឥណទានផងដែរ។
លោកវូបន្ដថា វាហាក់បីដូចជាអ្វីមួយដែលគេចង់បាន គឺប្រាក់ តែម្ដង។ តៃវ៉ាន់ឥឡូវនេះ មានទំនាក់ទំនងកាទូតត្រឹមតែ១៣ប្រទេសប៉ុណ្ណោះ ដែលភាគច្រើនគឺជាប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍន៏ នៅតំបន់អាមេរិកកណ្ដាល តំបន់ការ៉ាអ៊ីព និងតំបន់ប៉ាស៊ីហ្វិក៕
