ភ្នំពេញ៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ី ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៣នេះ តបតាមការអញ្ជើញរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងព្រះបរមរាជវាំង។ ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏នឹងមានជំនួបសម្តែងការគួរសមដាច់ដោយឡែកជាមួយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និង សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសបានឲ្យដឹងថា នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរកម្ពុជា-ម៉ាឡេស៊ី នឹងជួបប្រជុំទ្វេភាគី ដើម្បីរិះរករបៀប និងវិធីសាស្ត្រថ្មីៗ សំដៅធ្វើឱ្យ កាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគីដ៏យូរលង់ ដែលគ្រប់ដណ្ដប់លើកិច្ចសហប្រតិបត្តិការ គ្រប់វិស័យ រាប់ចាប់ពីនៅក្នុងវិស័យនយោបាយ-សន្តិសុខ សេដ្ឋកិច្ច រហូតដល់វិស័យសង្គម-វប្បធម៌។ នាយករដ្ឋមន្ត្រីទាំងពីរ នឹងផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមកលើបញ្ហាអនុតំបន់ តំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
បន្ទាប់ពីជំនួប នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើគំនិតផ្តួចផ្តើមនៃកិច្ចសហប្រតិបត្តិការមួយចំនួន និងធ្វើសន្និសីទសារព័ត៌មានរួមគ្នា។
ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី នឹងចូលរួមជាមួយសម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធី លៀងសាយភោជន៍ស្រាយបួសរបស់សាសនិកអ៊ីស្លាម និងចូលរួមពិធីថ្វាយបង្គំព្រះជាមួយនិស្សិត អាហារូបករណ៍ និងសហគមន៍អ៊ីស្លាមនៅកម្ពុជា ផងដែរ។
ដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្ដមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី មកកាន់កម្ពុជានាពេលខាងមុខនេះ នឹងនាំមកនូវសន្ទុះថ្មីដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំលើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែកដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជារួមចំណែក ដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិផងដែរ៕
