ស៊ីហ្គេម៖ ពិធីដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ នៅលើទឹកដីប្រទេសហ្វីលីពីនបានចាប់ផ្ដើមហើយនៅព្រឹកថ្ងៃទី២៧ ខែមីនានេះនៅទីក្រុង Tagaytay ដែលជាតំបន់ទេសចរណ៍ដ៏ធំមួយរបស់ហ្វីលីពីនដោយមានអ្នកចូលរួមប្រមាណ ៥០០នាក់។

ពិធីដង្ហែនេះរៀបចំឡើងក្រោមកិច្ចសហការរៀបចំ រវាងប្រតិភូគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តម ហោ សារុន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស ព្រមទាំងឯកឧត្តម ផន ពៅ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសហ្វីលីពីន សហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកហ្វីលីពីន។ ជាមួយដំណើរគោលចរនៃពិធីដង្ហែព្រះអគ្គិជ័យកីឡា ដែលជាព្រឹត្តិការណ៍មួយនៃដំណើរឆ្ពោះទៅពិធីបើកព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមលើទឹកដីកម្ពុជានេះ ក្រៅពីកីឡាករ-កីឡាការិនីឆ្នើមៗហ្វីលីពីន ក៏ដូចជាប្រជាពលរដ្ឋហ្វីលីពីនក៏មានឯកអគ្គរាជទូត និងតំណាងទូតបណ្ដាប្រទេសអាស៊ានចូលរួមអបអរសាទរពិធីដង្ហែលើទឹកដីហ្វីលីពីននេះផងដែរ។
គួរដឹងថា ពិធីដង្ហែព្រះអគ្គិជ័យកីឡានេះធ្វើឡើង ក្រោយព្រះរាជពិធីសុំភ្លើងព្រះអគ្គិអាទិទេព និងព្រះរាជពិធីសុំភ្លើងព្រះអគ្គិជ័យកីឡាដល់ភ្លើងគប់ ដែលប្រារព្ធធ្វើឡើងក្រោមព្រះរាជវត្តមានជាអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី២១ ខែមីនា នៅប្រាសាទអង្គរវត្ត ដោយផ្ដើមចេញពីវៀតណាមមុនគេដែលបានរៀបចំដោយជោគជ័យ និងទទួលបានការគាំទ្រជាខ្លាំងកាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ កន្លងទៅ៕ អត្ថបទ៖ លី ឈុនឡា




