បារាំង៖ នាយករដ្ឋមន្ត្រីបារាំងផ្តល់សំណើជួបបក្សប្រឆាំង និងសហជីពក្នុងពេលមានវិបត្តិសោធននិវត្តន៍ ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយកាលពីថ្ងៃអាទិត្យថា នាយករដ្ឋមន្ត្រីបារាំងលោកស្រី Elisabeth Borne មានផែនការជួបជាមួយមេដឹកនាំបក្សប្រឆាំង និងសហជីព ក្នុងក្តីសង្ឃឹមពីការបញ្ចប់ការតវ៉ាជាច្រើនសប្តាហ៍មកនេះប្រឆាំងច្បាប់សោធននិវត្តន៍ថ្មី។

ក្រុមបាតុកម្មប្រឆាំងកំណែទម្រង់សោធននិវត្តន៍ ដែលនឹងដំឡើងអាយុចូលនិវត្តន៍ ២ឆ្នាំបន្ថែមបានប្រែទៅជាអំពើហិង្សា បន្ទាប់ពីរដ្ឋាភិបាលបានជំរុញសេចក្តីស្នើច្បាប់នេះ ឆ្លងសភាក្នុងខែនេះដោយគ្មានការបោះឆ្នោត។ ប្រធានាធិបតីលោក Emmanuel Macron បានដាក់ចេញការលុបចោល ឬផ្អាកច្បាប់នេះ ដោយប្រគល់ភារកិច្ចឱ្យនាយករដ្ឋមន្ត្រីរបស់លោកក្នុងការស្វែងរកការគាំទ្រថ្មីនៅក្នុងសភា បន្ទាប់ពីរដ្ឋាភិបាលបរាជ័យក្នុងការស្វែងរកសំឡេងគ្រប់គ្រាន់ សម្រាប់សេចក្តីស្នើច្បាប់នេះ។ ការិយាល័យលោកស្រីនាយករដ្ឋមន្ត្រីនិយាយថា លោកស្រី Borne នឹងជួបជាមួយមេដឹកនាំគណបក្សនយោបាយ ហើយមានគោលបំណងចាប់ផ្តើមការពិភាក្សាឡើងវិញ ជាមួយសហជីពនានាជុំវិញបញ្ហាការងារ ដោយមិននិយាយអំពីសេចក្តីស្នើច្បាប់សោធននិវត្តន៍នោះទេ។ លោកស្រីនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានថា កិច្ចប្រជុំជាមួយគណបក្សប្រឆាំង និងមេដឹកនាំសហជីពនឹងធ្វើឡើងក្នុងសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃទី៣ ខែមេសា។
សារព័ត៌មាន AFP បានរាយការណ៍ថា លោកស្រីបានសន្យាថានឹងមិនប្រើអំណាចរដ្ឋធម្មនុញ្ញ ដើម្បីអនុម័តច្បាប់ដោយគ្មានការបោះឆ្នោតម្តងទៀតនោះទេ លើកលែងតែលើសេចក្តីស្នើច្បាប់ថវិកា។ សហជីពបានកំណត់ពេលថ្ងៃទី១០ នៃការតវ៉ានៅទូទាំងប្រទេសប្រឆាំងច្បាប់សោធននិវត្តន៍នៅថ្ងៃអង្គារ បន្ទាប់ពីថ្ងៃមុននៃការធ្វើសកម្មភាពកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន បានមើលឃើញការប៉ះទង្គិចគ្នាដោយហិង្សាខ្លាំងបំផុតជាមួយនគរបាល។ ប្រធានសហជីព CFDT លោក Laurent Berger កាលពីសប្តាហ៍មុនបានស្នើឱ្យលោក Macron ផ្អាកច្បាប់រយៈពេលប្រាំមួយខែ ដើម្បីស្វែងរកការសម្របសម្រួលដែលអាចធ្វើទៅបាន៕
អត្ថបទ៖ ប៊ុនថន