រត់ប្រណាំង៖ ក្នុងសន្និសីទសារព័ត៌មានថ្មីៗនេះ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ទិវារត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុងលើកទី៨ នេះត្រូវបានរៀបចំឡើងវិញ ក្រោយខកខានរយៈពេល ៤ឆ្នាំ។
គោលបំណងចម្បងនៃព្រឹត្តិការណ៍កីឡារត់ប្រណាំងអន្តរជាតិនេះ គឺដើម្បីអបអរសាទរដល់ដំណើរឆ្ពោះទៅរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ព្រមទាំងគោលដៅប្រចាំឆ្នាំរបស់ NOCC ដើម្បីគាំទ្រ និងជំរុញវិស័យទេសចរណ៍ បរិស្ថានបៃតង ភាពស្រស់ស្អាតនៃតំបន់ឆ្នេរសមុទ្រខេត្តព្រះសីហនុ ព្រមទាំងស្វែងរកថវិកាដើម្បីបរិច្ចាគដល់ការងារសប្បុរសធម៌។ ឯកឧត្តមបន្ថែមថា គិតមកដល់ពេលនេះមានអ្នកចុះឈ្មោះចូលរួមរត់ប្រណាំងបានប្រមាណ ១០០០នាក់ហើយ ស្របពេលគណៈកម្មការរៀបចំទិវាកីឡានេះកំពុងត្រៀមឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជំរុញឲ្យដំណើរការរត់ប្រណាំងអន្តរជាតិនៅតំបន់ឆ្នេរអូរឈើទាល ខេត្តព្រះសីហនុដំណើរការដោយរលូន និងផ្តល់ភាពកក់ក្តៅដល់កីឡាករ កីឡាការិនីជាតិ និងអន្តរជាតិ។
លោក សែម ផល្លា នាយកចាត់ការទូទៅទិវារត់ប្រណាំងអន្តរជាតិនៅកម្ពុជាបានបញ្ជាក់ដែរថា សម្រាប់វិញ្ញាសាដាក់ឲ្យប្រកួតក្នុងទិវារត់ប្រណាំងនាដើមខែមេសា ឆ្នាំ២០២៣ នេះមាន ៤វិញ្ញាសាគឺរត់ពាក់កណ្តាលម៉ារ៉ាតុង ២១គីឡូម៉ែត្រ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង៣គីឡូម៉ែត្រ។ រយៈពេលនៅសល់មិនដល់មួយសប្តាហ៍ទៀត លោកក៏បានអំពាវនាវដល់យុវជន មហាជន ដែលមានបំណងចូលរួមរត់ប្រណាំងសូមចុះឈ្មោះឲ្យបានច្រើនកុះករ និងទាន់ពេលវេលា ដោយសារការទទួលចុះឈ្មោះនឹងត្រូវបិទនាប៉ុន្មានថ្ងៃខាងមុខ។ ដោយសារស្ថានភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់មានភាពស្រស់ស្អាត ទាក់ទាញ់ខ្លាំង ហើយវិញ្ញាសារត់ ២១គីឡូម៉ែត្រត្រូវរត់លើដងផ្លូវជាប់មាត់ឆ្នេរសមុទ្រដល់ទៅ ៨គីឡូម៉ែត្រ ដែលធ្វើឲ្យអ្នករត់ប្រណាំងទាំងឡាយកាន់តែស្រស់ស្រាយ សប្បាយរីករាយទ្វេឡើង។ ក្នុងចំណោមអ្នកចុះឈ្មោះប្រមាណ ១០០០នាក់គឺមានអ្នករត់អន្តរជាតិជាង ១០០នាក់មកពី ២៤ប្រទេស ក្នុងនោះ ៣ប្រទេសដែលចូលរួមច្រើនជាងគេគឺមានចិន ថៃ និងម៉ាឡេស៊ី៕