វ៉ូវីណាម៖ កីឡាករ កីឡាការិនីមកពីប្រទេសទាំង៧ នៅតំបន់អាស៊ីអាគ្នេយ៍បានត្រៀមខ្លួនរួចរាល់ក្នុងការប្រកួតកីឡាវ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកទី៦ ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ខណៈការប្រកួតផ្លូវការ ត្រូវដំណើរការនៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។
ក្នុងសន្និសីទសារព័ត៌មានមុនបើកការប្រកួតផ្លូវការ ឯកឧត្តម អ៊ូ រតនា ប្រធានសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជាបានលើកឡើងពីគោលបំណង ដែលកម្ពុជាយកការប្រកួតមករៀបចំផ្ទាល់ ដោយសារជាការតេស្តនូវការត្រៀមគ្រប់ផ្នែកទាំងអស់របស់សហព័ន្ធសាមីក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ២០២៣ នាពេលដ៏ខ្លីខាងមុខនេះ។ ទាក់ទងនឹងបច្ចេកទេសនៃការប្រកួត ឯកឧត្តមប្រធានបានបង្ហាញថា ក្រុមជម្រើសជាតិវៀណាម និងសហភាពមីយ៉ាន់ម៉ាជាឧបសគ្គធំសម្រាប់ការប្រជែងរបស់កម្ពុជាក្នុងការដណ្តើមមេដាយ ប៉ុន្តែទោះយ៉ាងនេះ លើកដាក់ជំនឿជឿជាក់លើអត្តពលិករបស់ខ្លួនថានឹងធ្វើបានល្អជាក់ជាមិនខាន។
វ៉ូវីណាមជើងឯកអាស៊ីអាគ្នេយ៍លើកនេះដំណើរការប្រកួតពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ដោយកម្ពុជាមានកីឡាករ កីឡាការិនីចូលរួមប្រកួត ២៧នាក់, ថៃ ១២នាក់, សហភាពមីយ៉ាន់ម៉ា ២០នាក់, ឥណ្ឌូនេស៊ី ២០នាក់, ហ្វីលីពីន ៨នាក់, ឡាវ ១៣នាក់ និងប្រទេសវៀតណាម ៣៧នាក់ សរុបទាំងប្រតិភូដែលចូលរួមការប្រកួតនេះមានជាង ២០០នាក់។ ក្នុងស៊ីហ្គេម ២០២៣ កីឡាវ៉ូវូណាមដំណើរការប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែឧសភា ដោយមាន ៣០វិញ្ញាសានៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជ្រោយចង្វា (CCIC)៕